ឡាន Lexus LX 600 ស៊េរីឆ្នាំ២០២២ លក់តម្លៃចាប់ពីជាង ៨ម៉ឺនដុល្លារនៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus នៅអាមេរិកបានដាក់ដំណើរការវិបសាយកុម្ម៉ង់ទិញរថយន្ត Lexus LX ស៊េរីឆ្នាំ២០២២ និងបានបង្ហាញផងដែរថាលើទីផ្សារនេះមានលក់តម្លៃចាប់ពី ៨៦ ៩០០ដុល្លារ។

Lexus LX ស៊េរីថ្មី ដែលគ្រោងនឹងមានដាក់លក់នៅក្នុងត្រីមាសទីមួយនេះ គឺមានតម្លៃទាបជាងរថយន្ត Lexus LX ស៊េរីចាស់ ៣០ដុល្លារ ទោះបីជារថយន្តថ្មីនេះមានការផ្លាស់ប្ដូររូបរាងថ្មីក្ដី។ Lexus មិនបាននិយាយអ្វីច្រើនពីផ្នែកខាងក្រៅនោះទេ ប៉ុន្តែបានឲ្យដឹងថារថយន្តប្រភេទ Entry នឹងមានបំពាក់ទ្វារគូថក្រោយប្រភេទអូតូ អមជាមួយយ៉ាន់កង់ Alloy ទំហំ២០អ៉ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅទីផ្សារអាមេរិក រថយន្ត Lexus LX ស៊េរីថ្មីមានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៤០៩សេះ និងភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ជាមួយប្រព័ន្ធបើកបរប៉ុងពីរផងដែរ។ ម៉ាស៊ីននេះអាចស្ទុះដល់ ៩៦គ.ម/ម៉ ក្នុងពេល ៦,៩វិនាទី និងល្បឿនអតិបរមា ២០៩គ.ម/ម៉។

Lexus LX ដែលមានតម្លៃថ្លៃជាងគេនៅអាមេរិក គឺប្រភេទ LX 600 Ultra Luxury ដែលមានតម្លៃចាប់ពី ១២៦ ០០០ដុល្លារ ដែលវាមានបំពាក់ប្រណីតភាពខ្ពស់ដាច់គេនៅផ្នែកខាងក្នុង ដោយអមដោយកៅអីអង្គុយលំដាប់ VIP ចំនួនពីរមានមុខងារកម្ដៅ និងមានមុខងារម៉ាស្សាថែមទៀត។ កៅអីអង្គុយខាងក្រោយនេះមានខណ្ឌចែកដោយឧបករណ៍ធំមួយជានៅចំកណ្ដាលដែលក្នុងនោះមានកន្លែងសាកថ្មទូរសព្ទដោយមិនប្រើខ្សែ និងមានប្រព័ន្ធកម្សាន្តដែលមានអេក្រង់ទំហំ ១១,៤អ៉ីញចំនួនពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម