ឡាន Lexus LX470 ឆ្នាំ២០០១ នេះ លក់ថ្លៃជាង LX570 ឆ្នាំ២០១៩ ទៀត ដោយសារហេតុផលពិសេស

17006

បច្ចុប្បន្ននេះ រថយន្ត​ចាស់​ដែល​មាន​ចម្ងាយ​បើកបរ​តិច និង​ស្ថិត​នៅ​ក្នុង​សភាព​ថ្មី ពិត​ជា​កម្រ​មាន​ណាស់។

ផ្ទុយ​ទៅ​វិញ រថយន្ត Lexus ម៉ូដែល LX470 ស៊េរី​ឆ្នាំ ២០០១ មួយ​គ្រឿង ដែលម្ចាស់វា​ទើបប្រើ​បាន​ចម្ងាយ ១ ០៤៣ ម៉ាយ (១៦៧៨ គីឡូម៉ែត្រ) ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ១៣៩ ០០០ ដុល្លារ​ឯណោះ ពោល​គឺ​ថ្លៃ​ជាង Lexus LX570 ស៊េរី​ឆ្នាំ ២០១៩ ដែលមាន​តម្លៃ​ត្រឹមតែខ្ទង់ ១០ ម៉ឺនដុល្លារប៉ុណ្ណោះនៅ​លើ​ទីផ្សារ​បរទេស។

Sponsored

អ្នក​លក់​រថយន្ត SUV ខាង​លើ បាន​រៀបរាប់​ដំណើរ​រឿង និង​បង្ហាញ​ពី​មូលហេតុ​ដែល​វា​ត្រូវ​គេ​ប្រើ​តិច​បំផុត​បែប​នេះ​ថា វា​ត្រូវ​បាន​គេ​លួច​យក​ចេញ​ពី​កន្លែង​លក់​រថយន្ត Lexus មួយ​កន្លែង កាល​ពី​ឆ្នាំ ២០០១ មុន​ពេល​រថយន្ត​ត្រូវ​ដឹក​ទៅ​ឲ្យ​ម្ចាស់​។ មិន​តែ​ប៉ុណ្ណោះ ចោរ​បាន​ទុក​រថយន្ត LX470 ខាង​លើ នៅ​ក្នុង​ឃ្លាំង​មួយ​ដែល​មាន​រថយន្ត​ប្រណីត​ជាង ២០ គ្រឿង​ផ្សេង​ទៀត​ផង។

អ្វី​គ្រប់​យ៉ាង​នៅ​លើ Lexus LX470 នេះ មើល​ទៅ​ស្រស់​ស្អាត ខណៈ​ប៊ូតុង​ប្លាស្ទិក​នៅ​លើ​ផ្ទៃ​តាប្លូ​មាន​សភាព​ថ្មី​សន្លាង​តែម្តង ហាក់​បី​ដូច​ជា​មិន​ទាន់​បាន​ប្រើ​ពី​មុន​មក​អីចឹង។

រថយន្ត Lexus LX470 ​ប្រើ​ម៉ាស៊ីន​សាំងចំណុះ ៤,៧ លីត្រ ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង ២៣០ សេះ ដំណើរការ​ដោយ​ប្រអប់​លេខ​អូតូ ៤ វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ៕

Sponsored