[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បាននឹងកំពុងធ្វើការបើកបរសាកល្បងរថយន្ត Volvo EM90 ប្រភេទ minivan ប្រើអគ្គិសនីសុទ្ធ មុនពេលការបង្ហាញខ្លួនជាផ្លូវការរបស់ខ្លួនដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅក្នុងប្រទេសចិន ។
សម្រាប់រថយន្ត Minivan ដំបូងរបស់ Volvo ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEA Platform របស់ក្រុមហ៊ុន Geely មានប្រវែងតួខ្លួនសរុប ៥ ២០៦ ម.ម ទទឹង ២ ០២៤ ម.ម កំពស់ ១ ៨៥៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានយកលំនាំតាមរថយន្ត Zeekr 009 ដោយនៅផ្នែកខាងមុខមានបំពាក់ប៉ាណាបែប unique យ៉ាងពិសេស ដោយរួមបញ្ចូលលក្ខណៈពិសេសរចនាប័ទ្មពីម៉ូដែលផ្សេងទៀតនៅក្នុងត្រកូល Volvo និងប្រើប្រាស់នៅចង្កៀងមុខ-ក្រោយ ព្រមទាំងថាសកងស្ព័រប្រភេទ alloy wheels ទំហំ ២០ អ៉ីញ ។ ខណៈនៅផ្នែកខាងក្នុងមិនមានព័ត៌មានលម្អិតនៅឡើយទេ ។
ទាក់ទងទៅនឹងការបើកបរវិញ រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ១១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រឬច្រើនជាងនេះក្នុងការសាកថ្មពេញម្តង ៕