[ទីផ្សារបរទេស] បើផ្អែកតាមរបាយការណ៍ដែលចេញផ្សាយដោយ JD Power កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានព្យាករណ៍ថាមាន ៨០,១% នៃរថយន្តថ្មីដែលលក់ចេញលើទីផ្សារអាមេរិកប្រចាំខែមករានេះ គឺជារថយន្តភីកអាប់ និងជារថយន្ត SUV ដែលមានន័យថារថយន្តប្រភេទនៅតែត្រូវប៉ាន់ខ្លាំងលើទឹកដីអាមេរិក។
សម្រាប់ខែមករានេះ ការព្យាករណ៍សម្រាប់រថយន្តថ្មីដែលលក់ចេញលើទីផ្សារអាមេរិករំពឹងថាមានសរុប ៨២៨ ៩០០គ្រឿង ដែលតួលេខនេះគឺមានការថយចុះ ៨,៣% បើធៀបនឹងខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ដោយហេតុផលគឺដោយសារវិបត្តិខ្វះខាតឈីបដែលធ្វើឲ្យប៉ះពាល់ដល់ការផលិតរថយន្តផ្គត់ផ្គង់លើទីផ្សារ។
ទោះបីជាចំនួនលក់មានការធ្លាក់ចុះធៀបនឹងឆ្នាំមុន ប៉ុន្តែការចំណាយសរុបលើការទិញរថយន្តថ្មីបែរជាមានការកើនឡើងវិញ ក្រោយពីអតិថិជនចាយលុយកាន់តែច្រើនជាងមុនក្នុងការទិញរថយន្ត។ នៅខែមករានេះរំពឹងថាអតិថិជននឹងចំណាយប្រមាណ ៣៨,២ពាន់លានដុល្លារ លើរថយន្តថ្មី ដែលកើនឡើង ៤,៤ពាន់លានដុល្លារ ធៀបនឹងខែមករាឆ្នាំទៅ។
ក្នុងនោះដែរខ្ទង់ចំណាយជាមធ្យមនៅពេលទិញរថយន្តម្ដងៗគឺមានចំនួន ៤៤ ៩០៥ដុល្លារ ដែលចំនួននេះមានការថយចុះបន្តិចប៉ុណ្ណោះពីការចំណាយខ្ពស់បំផុតកាលពីខែធ្នូ ដែលពេលនោះបានកើនឡើងដល់ ៤៥ ២៨៣ដុល្លារ៕