[ទីផ្សារបរទេស] អ្នកគាំទ្ររថយន្ត Suzuki Jimny បានទន្ទឹងរង់ចាំការប្រកាសចេញប្រភេទទ្វារបួននៃរថយន្តនេះអស់ពេលជាយូរមកហើយ ហើយពេលនេះរូបភាពថ្មីដែលថតបានពីប្រទេសឥណ្ឌា បានបង្ហាញថារថយន្តនេះកំពុងតែត្រៀមរួចរាល់ក្នុងការប្រកាសចេញ។
រថយន្ត Suzuki Jimny ទ្វារបួនដែលគេប្រទះឃើញបានបង្ហាញរូបរាងច្បាស់ៗដោយមិនមានបិតបាំងការឌីហ្សាញរបស់ខ្លួនឡើយ ហើយវាគឺជាការបង្ហាញវត្តមានលើកដំបូងមុនការប្រកាសចេញនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Auto Expo ឆ្នាំ២០២៣ នៅខែមករា។
តាមរយៈរូបភាពឃើញថាការឌីហ្សាញរបស់វាមិនបានផ្លាស់ប្ដូរខុសពីប្រភេទទ្វារពីរឡើយ ប៉ុន្តែវាមានតួខ្លួនវែងជាងមុន ដោយកន្លងមកមានការចុះផ្សាយថាតួខ្លួនពីកង់មុខទៅកង់ក្រោយរបស់វាមានការកើនឡើងប្រវែង ៣០០ម.ម ដែលធ្វើឲ្យប្រវែងសរុបឡើងដល់ ៣៨៥០ម.ម ខណៈដែលទំហំដទៃទៀតមិនផ្លាស់ប្ដូរឡើយ។
ការចុះផ្សាយរបស់ Rushlane និង Autocar India បានឲ្យដឹងថារថយន្ត Jimny ទ្វារបួននេះនឹងប្រើប្រាស់ម៉ាស៊ីន K15B ចំណុះ ១,៥លីត្រ ដូចដែលប្រើលើរថយន្តទ្វារពីរ ដោយអាចផលិតកម្លាំងបានចន្លោះពី ១០១សេះ ដល់ ១០៧សេះ។
ការចេញលក់រថយន្ត Suzuki Jimny ប្រភេទទ្វារបួននេះរំពឹងថានឹងធ្វើឡើងនៅពាក់កណ្ដាលឆ្នាំ២០២៣ សម្រាប់ទីផ្សារប្រទេសឥណ្ឌា តាមពីក្រោយដោយទីផ្សារដទៃទៀត។ គូប្រជែងនៅប្រទេសឥណ្ឌាសម្រាប់ Jimny នេះមានដូចជារថយន្តដែលគ្រោងប្រកាសចេញម៉ូដែល New Force Gurkha និងរថយន្ត Mahindra Thar ដែលមានរូបរាងស្រដៀងនឹង Jeep Wrangler ជាដើម៕