ឡាន Tesla Cybertruck អាចនឹងមានបើកលើផ្លូវ នៅចុងឆ្នាំក្រោយ

[ទីផ្សារបរទេស] រថយន្ត Tesla Cybertruck ស៊េរីឆ្នាំ២០២៤ អាចនឹងបង្ហាញវត្តមានលើ​ដងផ្លូវនៅ​សហរដ្ឋអាមេរិក នៅ​អំឡុង​ចុង​ឆ្នាំក្រោយនេះ រយៈពេលពីរឆ្នាំក្រោយការសន្យាលើកដំបូងរបស់នាយកប្រតិបត្តិក្រុមហ៊ុន។

លោក Elon Musk ដែលជានាយកប្រតិបត្តិ Tesla បានបញ្ជាក់​ឲ្យដឹងថាការឌីហ្សាញចុងក្រោយរបស់ Cybertruck បាន​សម្រេច​ហើយ ហើយលោកបន្ថែមថាការផលិតរថយន្តភីកអាប់អគ្គិសនីនេះអាចចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២៣ ដែល​អាច​សន្និដ្ឋាន​បាន​ថា​អតិថិជននឹងទទួលបានរថយន្ត​ចាប់​ពី​អំឡុងចុងឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីខែសីហា ឆ្នាំ២០២១ មានការប៉ាន់ស្មានថា Tesla ទទួលបានការកុម្ម៉ង់ចំនួន ១,២៥លានគ្រឿង សម្រាប់​រថយន្ត Cybertruck ដែល​ការ​កុម្ម៉ង់តម្រូវឲ្យ​កក់ប្រាក់ ១៥០ដុល្លារ មានន័យថាក្រុមហ៊ុនទទួលបានដើមទុន ១៨៧,៧លាន​ដុល្លារ ស្រេច​បាន​ទៅហើយ។

ការចេញលក់រថយន្ត Cybertruck បានពន្យារពេលអស់ច្រើនលើកមកហើយ ចាប់តាំងពីរថយន្តនេះបង្ហាញ​ខ្លួន​ជា​លើក​ដំបូងក្នុង​នាមជា Concept កាលពីឆ្នាំ២០១៩ ដោយ​ការ​ដឹក​ជញ្ជូន​ដំបូងរំពឹងថានឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២១ ក្រោយមកការផលិត​ត្រូវលើក​ពេល​ទៅឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម