ក្រុមហ៊ុន Tesla កំពុងតែត្រៀមខ្លួនដើម្បីដាក់បង្ហាញចេញនូវរថយន្ត Model 3 លើទីផ្សារប្រទេសឥណ្ឌា ជាផ្លូវការ។ ប៉ុន្តែកម្ពស់បាតក្រោមនៃរថយន្តនេះ អាចជាបញ្ហាធំមួយ បើនិយាយពីស្ថានភាពផ្លូវនៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ន។
រថយន្ត Tesla Model 3 សំណុំដើម មានកម្ពស់បាតក្រោមត្រឹម ៥,៥អ៊ីញ (១៤០មីល្លីម៉ែត្រ) ដែលវាមិនគ្រប់គ្រាន់ឡើយសម្រាប់គេចឲ្យផុតពីការកោសបាតក្រោម នៅពេលជិះកាត់ទួល (speed bump) ធំៗ នៅតាមផ្លូវក្នុងប្រទេសឥណ្ឌា។
ទោះបីជាយ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមអះអាងថា ក្រុមហ៊ុន Tesla កំពុងគ្រោងក្នុងការកល់បូមរថយន្ត Model 3 ឲ្យខ្ពស់ជាងមុន ១អ៊ីញ (២៥មីល្លីម៉ែត្រ) ទៀត សម្រាប់លក់ក្នុងប្រទេសឥណ្ឌា ព្រោះថាឈ្មួញក្នុងស្រុក មិនអាចសារ៉េរឺស័របូមរបស់វាបានឡើយ។
បញ្ហានេះត្រូវបានរកឃើញដោយគេហទំព័ររថយន្តឥណ្ឌា Autocar India បន្ទាប់ពីវាបានធ្វើការ Review រថយន្ត Tesla Model 3 ដោយសន្និដ្ឋានថា កម្ពស់បាតក្រោមរបស់វាត្រូវតែកល់ឡើងឲ្យខ្ពស់ជាងមុន។
មិនតែប៉ុណ្ណោះ គេហទំព័រនេះក៏បានរាយការណ៍ថា IDIADA Automotive Technology បានធ្វើតេស្តលើទួល (speed bump) ចំនួន ២០០កន្លែងខុសគ្នា ដោយក្នុងនោះរថយន្ត Model 3 បានកោសបាតក្រោមលើទួលសរុប ១៦០កន្លែងបាត់ទៅហើយ៕