[ទីផ្សារបរទេស] យើងបានដឹងរួចមកហើយថា Toyota Crown នឹងមានចេញលក់ជាមួយជម្រើសម៉ាស៊ីន Hybrid ពីរប្រភេទ ជាមួយរូបរាងចំនួន៤ប្រភេទផ្សេងៗគ្នារបស់វា។
ពេលនេះដែរ បើតាម Motor Trend ឲ្យដឹងថារថយន្តជំនាន់ថ្មីនេះនឹងមានជាជម្រើស PHEV មួយទៀត។ លោក Akio Toyoda បានលើកឡើងពីប្រភេទ PHEV នេះដោយផ្ទាល់ នៅក្នុងជំនួបជាមួយឈ្មួញលក់រថយន្តនៅឯទីក្រុង Las Vegas កាលពីដើមសប្ដាហ៍។
ពេលប្រកាសចេញដំបូង រថយន្ត Toyota Crown ជំនាន់ថ្មី មានតែជម្រើសម៉ាស៊ីន Hybrid ប៉ុណ្ណោះ ដោយម៉ាស៊ីន Hybrid ស្តង់ដារគឺមានប្រើម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីពីរ ឯប្រភេទ Hybrid Max វិញ មានប្រើម៉ាស៊ីន ២,៤លីត្រ ប្រភេទ Turbocharged ជាមួយម៉ូទ័រអគ្គិសនីពីរនៅខាងមុខ និងខាងក្រោយ។
អំពីប្រភេទ PHEV លោក Toyoda មិនបានប្រាប់ពីលក្ខណៈសម្បត្តិរបស់វានោះទេ ប៉ុន្តែវាទំនងជាប្រើអាគុយទំហំធំ ដើម្បីអាចផ្ដល់ចម្ងាយឆ្ងាយសម្រាប់ការបើកដោយប្រើថាមពលអគ្គិសនីសុទ្ធ។ គួរដឹងថា Toyota បានមានប្រើប្រាស់រួចមកហើយនូវបច្ចេកវិទ្យា PHEV នេះ ដោយបានប្រើលើរថយន្ត RAV4 Prime ហើយវាអាចផ្ដល់ចម្ងាយបើកបរបាន ៦៧គីឡូម៉ែត្រ បើប្រើថាមពលអគ្គិសនីសុទ្ធ ជាមួយអាគុយ ១៨,១kWh៕