
បើយោងតាមសម្តីរបស់អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន BYD លោកស្រី Stella Li បានលើកឡើងថា ក្រុមហ៊ុនរបស់លោកស្រីត្រៀមខ្លួនក្នុងសហការជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងៗនៅទូទាំងពិភពលោក ដើម្បីជំរុញឧស្សាហកម្មរថយន្ត EV ឱ្យមានការរីកចម្រើនកាន់តែខ្លាំងនៅក្នុងពេលអនាគត។
ក្នុងនោះ លោកស្រីបានបញ្ជាក់ថា BYD នឹងមិនបិទទ្វារចំពោះការសហការជាមួយក្រុមហ៊ុនយក្សផ្សេងៗដូចជា Tesla នោះឡើយ និងបាននិយាយសង្កត់ធ្ងន់ថា ទីផ្សាររថយន្តចិនគឺជាមាតុភូមិសម្រាប់ការច្នៃប្រឌិត និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ លោកស្រីក៏បាននិយាយចំៗផងដែលថា សត្រូវពិតប្រាកដរបស់រថយន្តអគ្គិសនី (EV) គឺរថយន្តម៉ាស៊ីនចំហេះខាងក្នុង (ICE) ដែលកំពុងតែបន្តមានឥទ្ធិពលលើទីផ្សារបច្ចុប្បន្ននេះ។
គួរឲដឹងថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ BYD បានក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំបំផុតរបស់ចិន និងមានឥទ្ធិពលលើទីផ្សាររថយន្តពិភពលោកជាខ្លាំង ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលចិន ដើម្បីពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសជាច្រើននៅទូទាំងពិភពលោក៕