
Hyundai N កំពុងវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ជាផែនការផ្លាស់ប្ដូរដ៏ធំមួយ ជាមួយមហិច្ឆតា បង្កើនល្បឿនក្នុងអភិវឌ្ឍរថយន្តអគ្គិសនីសុទ្ធ (EV-only) ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន។
ប៉ុន្តែទោះជាយ៉ាងណា នេះមិនមានន័យថារថយន្ដ ពួកគេបោះបង់ការផលិតរថយន្ដប្រើប្រេងឥន្ធនៈនោះទេ ខណៈរថយន្ត Elantra N នៅតែបន្ដឈរជាឈ្មោះជារថយន្តប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង (ICE) នៅអាមេរិកខាងជើងនិងអឺរ៉ុប។
យោងតាមបទប្បញ្ញត្តិស្ដីពីការបំភាយឧស្ម័នបានជំរុញឲ្យរថយន្ត Hyundai i20 N និង i30 N ជារថយន្តប្រភេទ “hot hatches” លែងមានវត្តមាននៅលើទីផ្សារអឺរ៉ុបទៀតហើយ។ ក្រោយជួយរឿងនេះគេប៉ាន់ស្មានថាក្រុមផលិតរថយន្ដ Hyundai N នឹងប្រែក្លាយងាកទៅរកការផលិតរថយន្តអគ្គិសនីទាំងស្រុង ដូចទៅនឹងអ្វីដែល Kia កំពុងធ្វើជាមួយរថយន្តកំពូលរបស់ពួកគេត្រកូល GT ។ គួររំលឹកផងដែរ Hyundai N គឺជាក្រុមអ្នកផលិតរថយន្ដបែប Performance ផ្ដោតលើការផ្ដល់ជូននូវបទពិសោធន៍បើកបរបែបស្ព័រ និងការរចនារូបរាងបែបទាក់ទាញ ស្ថិតក្រោមចំណុះ ក្រុមហ៊ុន Hyundai Motor ។
ថ្លែងប្រាប់ទស្សនាវដ្តី Autocar លោក Joon Park អនុប្រធានរបស់ Hyundai N និងជាប្រធានក្រុមយុទ្ធសាស្ត្រទីផ្សារសកល បានច្រានចោលការសន្និដ្ឋានដែលថាក្រុមហ៊ុន Hyundai N នឹងផ្លាស់ប្តូរគោលដៅងាកទៅរកការផលិតរថយន្តអគ្គិសនីទាំងស្រុង។
លោក Park បានមានប្រសាសន៍ថា៖ «បញ្ហាដែលយើងកំពុងជួបប្រទះគឺមានការយល់ឃើញពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រថា Hyundai N កំពុងផ្តោតតែលើពិភពរថយន្តអគ្គិសនី តែនេះមិនមែនជាការពិតទេ»។ លោកបានបន្តថា៖ «ទោះបីជាយើងនឹងដាក់បង្ហាញរថយន្តអគ្គិសនី Ioniq 6 N នៅមហោស្រព Goodwood Festival of Speed ក៏ដោយ ក៏យើងមិនបានកំណត់ខ្លួនឯងត្រឹមតែកាផ្ដោតលើរថយន្តអគ្គិសនីទេ។ ជាការពិតណាស់ យើងកំពុងបោះជំហានទៅមុខជាមួយរថយន្តអគ្គិសនី ព្រមទាំងមានជម្រើសជាច្រើនទៀតដែលយើងអាចធ្វើបាន»។
ចំពោះប្រធានផ្នែករថយន្តសមត្ថភាពខ្ពស់របស់ Hyundai N បានប្រកាសខ្លួនឯងថាជាអ្នកគាំទ្ររថយន្តស្ព័រប្រើប្រាស់ប្រេងឥន្ធនៈ ក៏មិនបានបញ្ជាក់លម្អិតអំពីប្រភេទប្រព័ន្ធថាមពលអ្វីដែលម៉ូឌែល Hyundai N អាចនឹងប្រើប្រាស់នាពេលអនាគតនោះទេ។ទោះជាយ៉ាងណា វាសមហេតុផលណាស់ដែលគិតថាម៉ាកយីហោនេះអាចនឹងអនុវត្តតាមយុទ្ធសាស្ត្រ “ពហុផ្លូវ” របស់ក្រុមហ៊ុនមេរបស់ខ្លួន។ យុទ្ធសាស្ត្រនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Hyundai ក្នុងការផ្តល់ជូននូវជម្រើសប្រព័ន្ធថាមពលចម្រុះ រួមមានទាំងរថយន្តអគ្គិសនី (EV), រថយន្ត Hybrid, និងរថយន្តអគ្គិសនីលាយសាំង Extended Range Electric Vehicle (EREV) ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារផ្សេងៗគ្នាជុំវិញពិភពលោក។
ក្រុមហ៊ុន Hyundai Group បានបញ្ជាក់រួចហើយថាខ្លួនកំពុងអភិវឌ្ឍរថយន្ដ ម៉ូឌែលជាច្រើនប្រភេទ ដែលបំពាក់ប្រព័ន្ធ Hybrid និង EREV (Extended Range Electric Vehicle)។ ប្រព័ន្ធទាំងនេះត្រូវបានបង្កើតឡើងដើម្បីបំពេញបន្ថែមទៅលើវិស័យរថយន្តអគ្គិសនី (battery-electric lineup) ដែលកំពុងរីកចម្រើន៕