
ក្រុមហ៊ុន Toyota គ្រោងនឹងដាក់ឲ្យប្រើប្រាស់អាគុយប្រភេទ Solid-State ជាលើកដំបូង សម្រាប់រថយន្តអគ្គិសនី នៅក្នុងឆ្នាំ២០២៧ ឬ ២០២៨ខាងមុខ បន្ទាប់ពីក្រុមហ៊ុនជប៉ុននេះ បានប្រកាសចាប់ដៃគូថ្មីជាមួយក្រុមហ៊ុនរ៉ែ Sumitomo Metal Mining Co. ដើម្បីផលិតរ៉ែកាហ្សូត សម្រាប់បច្ចេកវិទ្យាអាគុយថ្មីនេះ។
Toyota បានអះអាងថា អាគុយថ្មីរបស់ខ្លួននេះ នឹងបង្កើនចម្ងាយបើកបរ រយ:ពេលសាកភ្លើងលឿន ជាពិសេសវាមានទំហំកាន់តែតូច និងអាយុកាលវែង ដែលនឹងផ្លាស់ប្តូរអនាគតក្នុងវិស័យយានយន្ត។
ក្រៅពីក្រុមហ៊ុន Sumitomo ខាងលើនេះ Toyota ក៏បានសហការជាមួយក្រុមហ៊ុនមួយចំនួនទៀតផងដែរក្នុងប្រទេសជប៉ុន ក្នុងនោះរួមទាំងក្រុមហ៊ុនយក្ស Idemitsu Kosan ដែលក្រុមហ៊ុននេះបានប្រកាសគម្រោងសាងសង់រោងចក្រលីចូមស៊ុលហ្វីត សម្រាប់ធ្វើជាវត្ថុធាតុដើមប្រើក្នុងអាគុយ Solid-State។
គួរដឹងដែរ ក្រុមហ៊ុនជប៉ុន បានព្យាយាមពង្រឹងខ្លួនក្នុងការអភិវឌ្ឍអាគុយរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការពឹងផ្អែកលើអាគុយចិន និងកូរ៉េខាងត្បូង ពោលគឺ Toyota ស្ថិតក្នុងចំណោមក្រុមហ៊ុនជប៉ុនជាច្រើន ដែលបានវិនិយោគរួមគ្នា ក្នុងទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ ដើម្បីផលិតអាគុយក្នុងស្រុក។
គួរដឹងដែរថា ក្រុមហ៊ុនចិន CATL និង BYD ដែលជាអ្នកកាន់កាប់ទីផ្សារអាគុយក្នុងពិភពលោករួចមកហើយនោះ ក៏គ្រោងនឹងបញ្ចេញបច្ចេកវិទ្យាអាគុយថ្មី ក្នុងឆ្នាំ ២០២៧ផងដែរ៕