របាយការណ៍ថ្មីមួយស្តីអំពីទិន្នន័យនៃការលក់រថយន្តអគ្គិសនីឆ្នាំ២០២៥បានបង្ហាញថា ការលក់ប្រភេទនេះ បានកើនឡើងស្ទើគ្រប់កន្លែងក្នុងពិភពលោក ប៉ុន្តែលើកលែងតែអាមេរិកខាងជើងតែប៉ុណ្ណោះ បែរជាមានការលក់ធ្លាក់ចុះទៅវិញ។
នៅប្រទេសចិន គឺជាអ្នកនាំមុខគេ ដោយលក់រថយន្តអគ្គិសនីបានចំនួន ១២,៩លានគ្រឿង កើនឡើង ១៧% និងអឺរ៉ុប លក់បានចំនួន ៤,៣លានគ្រឿង កើនឡើង ៣៣% ខណៈបណ្តាប្រទេសផ្សេងៗបូកចូលគ្នា បានចំនួន ១,៧លានគ្រឿង កើនឡើងជិតពាក់កណ្តាល ៤៨%។
ដោយឡែកនៅអាមេរិកខាងជើង ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូ លក់រថយន្តអគ្គិសនីបានចំនួន ១,៨លានគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ៤%។ ចំនួនលក់បានប៉ុណ្ណេះ ក៏ដោយសារតែការរួមចំណែករបស់ម៉ិចស៊ីកូផងដែរ ដោយសារកំណើននៃរថយន្តធូរថ្លៃរបស់ចិន ចូលមកក្នុងប្រទេសនេះ បើមិនអ៊ីចឹងទេ ចំនួនលក់នេះនឹងកាន់តែទាបខ្លាំង។

សរុបជារួម ចំនួនលក់រថយន្តអគ្គិសនី នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ មានចំនួន ២០,៧លានគ្រឿងហើយ កើនឡើង ២០% បើប្រៀបធៀបនឹងឆ្នាំ២០២៤។
មូលហេតុដែលចំនួនលក់រថយន្តអគ្គិសនីនៅអាមេរិកខាងជើងធ្លាក់ចុះបែបនេះ ក៏ដោយសារតែការលក់នៅសហរដ្ឋអាមេរិក មានត្រឹមតែ១០% នៃរថយន្តថ្មីៗដែលបានលក់ក្នុងឆ្នាំ២០២៥ ជាពិសេសការប្រែប្រួលគោលនយោបាយដែលបានបញ្ចប់ការលើកចិត្តពន្ធរបស់រដ្ឋបាលដូណាល់ ត្រាំ កាលពីចុងខែកញ្ញា។
ជាមួយគ្នានេះ អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក មិនទាន់មានទំនោរខ្លាំងលើរថយន្តអគ្គិសនីនៅឡើយ ដោយបារម្ភខ្វះកន្លែងសាកថ្ម ព្រោះហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់គ្រប់គ្រាន់ឡើយ។ បន្ថែមលើសនេះ ក្រុមហ៊ុនរថយន្តនៅអាមេរិក ពេលនេះក៏លែងសូវផ្តោតខ្លាំងលើរថយន្តអគ្គិសនី និងការគ្មានវត្តមានរបស់រថយន្តអគ្គិសនីរបស់ចិន ដែលសុទ្ធតែធ្វើឲ្យចំនួនលក់ធ្លាក់ចុះបែបនេះ៕






















