[បរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់ប្រទេសចិន Hongqi បានធ្វើការបញ្ចេញនូវរថយន្ត LS7 ប្រភេទ SUV ដ៏ទំនើបរបស់ខ្លួនជាផ្លូវការ។
ចាប់ផ្តើមជាមួយទំហំនៃរថយន្ត រថយន្ត Hongqi LS7 មានប្រវែងសរុប ៥ ៦៩៥មម, ទទឹង ២ ០៩៥មម, កម្ពស់ ១ ៩៨៥មម និងប្រវែងនៃគម្លាតកង់ ៣ ៣០៩មម។ ជាមួយតួរលេខនេះបានបង្ហាញថារថយន្តនេះមានប្រវែងវែងជាងរថយន្ត BMW X7 និង Mercedes-Maybach GLS ប៉ុន្តែវាមានប្រវែងនៃប្រវែងគម្លាតកង់ខ្លីជាងរថយន្ត Cadillac Escalade។
ចំពោះការរចនាអាចនិយាយបានថាវានៅតែរក្សានូវអត្តសញ្ញាណនៃម៉ាកសញ្ញារបស់ខ្លួនជាមួយប៉ាណាក្រូមមួយផ្ទាំងធំ ដែលមានរំលេចជាមួយពណ៌ក្រហមមួយឆ្នូតនៅចំកណ្តាល និងបានបំពាក់ជាមួយចង្កៀងមុខ-ក្រោយប្រភេទ Full LED ជំនាន់ចុងក្រោយផងដែរ។
ចំណែកផ្នែកខាងក្នុងនៃរថយន្ត វាគឺជាចំនុចដ៏គួរចាប់អារម្មណ៍បំផុត ដោយបានបំពាក់មកជាមួយដៃចង្កូតដែលមានការឌីស្សាញយកលំនាំតាមរថយន្ត Rolls-Royce និងបានប្រើប្រាស់នូវឈើ Mahogany នៅលើតាប្លូ, Console កណ្តាល និងទ្វា។
ការរចនាផ្នែកខាងក្នុងនេះគឺវាត្រូវបានឌីស្សាញបញ្ជូលគ្នារវាងពណ៌ទឹកមាស និងស្បែកកម្រិតខ្ពស់ ក្នុងការផ្តល់នូវអារម្មណ៍នៃប្រណិតភាព។ លើសពីនេះ ចំពោះគ្រឿងបរិក្ខានៃរថយន្តវាបានភ្ជាប់មកជាមួយម៉ាស៊ីនត្រជាក់អូតូ, អេក្រង់ភ្លោះនៅលើតាប្លូ និងអេក្រង់សម្រាប់អ្នកដំណើរផ្នែកខាងក្រោយផងដែរ។
រថយន្ត Hongqi LS7 ដំណើរការដោយម៉ាស៊ីនចំណុះ ៤,០លីត្រ V8 អាចផលិតកម្លាំងបាន ៣៦០សេះ និង ៥៥០ញ៉ូតុនម៉ែត្រ ព្រមទាំងមានល្បឿនអតិបរមា ២០០គ.ម/ម៉។
សម្រាប់ពេលវេលានៃការចេញលក់ជាផ្លូវការ រថយន្តនេះនឹងបង្ហាញវត្តមាននៅលើទីផ្សារនាត្រីមានទី៣ ឆ្នាំនេះ ជាមួយតម្លៃចាប់ពី ២៣៥ ០០០ដុល្លារ៕