អីយ៉ាស់! Lexus លក់ឡានបានច្រើនជាង Mercedes និង BMW នៅត្រីមាសទី៣

ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ នេះ​ ម៉ាក​ជប៉ុន Lexus បាន​នាំ​មុខ​គូ​ប្រជែង​ពីរ​មក​ពី​អាល្លឺម៉ង់​ ក្លាយ​ជា​ក្រុមហ៊ុន​ដែល​អាច​លក់​រថយន្ត​ប្រណីត​បាន​ច្រើន​ជាង​គេ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

រយៈពេល​បី​ខែ​ចុង​ក្រោយ​កន្លង​មក​នេះ (កក្កដា-កញ្ញា) ​Lexus អាច​លក់​រថយន្ត​បាន​សរុប ៧៥ ២៨៥​គ្រឿង ខណៈ​ Mercedes អាច​លក់​បាន​ ៦៩ ៦៣១​គ្រឿង និង BMW អាច​លក់​រថយន្ត​បាន ៦៩ ៥៧០​គ្រឿង។ ហេតុផល​ពី​ក្រោយ​ជោគជ័យ​នៃ​ការ​លក់​ប្រចាំ​​ត្រីមាស​ទី​បី​នេះ​ ទំនង​ដោយ​សារ​ Lexus អាច​រក្សា​ចំនួន​រថយន្ត​សម្រាប់​ផ្គត់ផ្គង់​ដល់​អតិថិជន​បាន​ល្អ ខណៈ​ក្រុមហ៊ុន​ពីរ​ទៀត​ប្រឈម​មុខ​បញ្ហា​ផ្គត់ផ្គង់​ដោយ​សារ​ជំងឺ​កូវីដ​១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជោគជ័យ​ក្នុង​ត្រីមាស​ទី​បី​នេះ​ដែរ មិន​មាន​ន័យ​ថា​ Lexus ​អាច​នឹង​ផ្ដួល​ BMW និង Mercedes សម្រាប់​ចំនួន​លក់​ពេញ​មួយ​ឆ្នាំ ២០២០ នេះ​ទេ ដោយ​សារ​នៅ​សល់​រយៈពេល​ ៣​ខែ​។ ប៉ុន្តែ​បើ​សង្កេត​មើល​ចំនួន​លក់​សរុប​គិត​ត្រឹម​បច្ចុប្បន្ន​នៃ​ម៉ាក​រថយន្ត​ទាំង​បី​ឃើញ​ថា​ម៉ាក​រថយន្ត​ទាំង​បី​កំពុង​តែ​ប្រកៀកប្រកិត​គ្នា​ខ្លាំង​​។

រយៈពេល​៩ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ Lexus អាច​លក់​រថយន្ត​បាន ១៨២ ០៨៧​គ្រឿង, BMW អាច​លក់​រថយន្ត​បាន ១៧៩ ៩៨២គ្រឿង និង Mercedes អាច​លក់​រថយន្ត​បាន ១៩៦ ៨៣៨​គ្រឿង៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម