នៅទីបំផុត រថយន្ត Cadillac XT6 ស៊េរីឆ្នាំ ២០២០ បានបង្ហាញតម្លៃលក់ជាផ្លូវការ បន្ទាប់ពីបានបង្ហាញខ្លួន នៅក្នុងកម្មវិធី 2019 Detroit Auto Show ជា SUV ៧ កៅអី ដែលស្ថិតនៅក្រោមម៉ូដែល Escalade។
Cadillac XT6 ស៊េរីថ្មី មានតម្លៃចាប់ពី ៥៣ ៦៩០ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ម៉ូដែល Premium Luxury ប្រើប៉ុងមុខ FWD។
XT6 ប្រើម៉ាស៊ីនសាំងចំណុះ ៣,៦ លីត្រ ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៣១០ សេះ និងប្រើប្រអប់លេខអូតូ ៩ វគ្គ ហើយប្រើប្រព័ន្ធបើកបរប៉ុងមុខ FWD។
ដោយឡែក ម៉ូដែល XT6 Sport ប្រើប្រព័ន្ធបើកបរប៉ុងពីរ Sport Control AWD ហើយមានតម្លៃ ៥៨ ០៩០ ដុល្លារ។
ជាស្តង់ដារ ម៉ូដែល Premium Luxury និង Sport បានបំពាក់លក្ខណៈពិសេសៗ ដូចជា ពោងសុវត្ថិភាព ៧ , ប្រព័ន្ធ Forward Collision Alert, Automatic Emergency Braking, Lane Change Alert, Lane Keep Assist និង Rear Cross Traffic Alert ជាដើម។
ចំណែកឯផ្នែកខាងក្នុងវិញមានផ្ទៃធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខារមានគុណភាពខ្ពស់ និងកៅអីចំនួន ៨ ដ៏មានផាសុកភាព។ មិនតែប៉ុណ្ណោះ វាបំពាក់អេក្រង់ Touchscreen ទំហំ ៨ អ៊ីញ, ប្រព័ន្ធសំឡេង Bose ៨ ឬ ១៤ គ្រាប់ , ប្រព័ន្ធ 4G LTE , កៅអីជួរទី ៣ ចុចអូតូ និង មុខងារសាកថ្មមិនបាច់ប្រើខ្សែ ជាដើម៕