
តម្រងខ្យល់ ឬគេហៅទូទៅថា អ៊ែម៉ាស៊ីន ត្រូវបានអ្នកប្រើប្រាស់ភាគច្រើន មិនសូវយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរ ដូចប្រេងម៉ាស៊ីន និងទឹកស្អំនោះទេ។ តែការពិត តួនាទីរបស់អ៊ែរ គឺសំខាន់ណាស់សម្រាប់ម៉ាស៊ីនរថយន្ត ជាពិសេសបើរថយន្តនោះបំពាក់ទាក់បូទៀត ការជ្រើសរើសអ៊ែរ រឹតតែត្រូវប្រយ័ត្ន។ វាជាអ្នកទប់ស្កាត់មិនឲ្យដីធូលីកម្ទេចកម្ទី ចូលក្នុងម៉ាស៊ីនបានឡើយ ពោលគឺមិនឲ្យចូលទៅដល់បន្ទប់ចំហេះ ដែលល្បាយខ្យល់ត្រូវដុតជាមួយល្បាយឥន្ធនៈ ដើម្បីដំណើរការម៉ាស៊ីនរថយន្តបាន។
ដូច្នេះ លោកអ្នកគួរតែពិនិត្យមើលឲ្យបានទៀតទាត់ផងដែរនូវអ៊ែម៉ាស៊ីន ថាតើដល់ពេលដែលត្រូវផ្លាស់ប្តូរ ឬនៅ គឺកុំបានត្រឹមតែផ្លុំសម្អាតឲ្យសោះ។ ខាងក្រោមនេះ គឺជាសញ្ញាសម្គាល់មួយចំនួន ដែលបង្ហាញថា ដល់ពេលដែលត្រូវផ្លាស់ប្តូរអ៊ែម៉ាស៊ីនហើយ៖
១. ចេញ Check
បើសិននៅលើកុងទ័ររថយន្ត ឃើញមានចេញ Check ស្កេនចេញលេខកូដ នៅចន្លោះពី P0100 ដល់ P0104 វាបង្ហាញថា មានពាក់ព័ន្ធនឹងប្រព័ន្ធខ្យល់។ អ៊ីចឹងបើឃើញមានលេខកូដទាំងនេះ កុំភ្លេចពិនិត្យមើលអ៊ែផង ព្រោះវាអាចនឹងអស់គុណភាព និងកខ្វក់ ដែលបណ្តាលឲ្យមានដីធូលីចូលច្រើន ប៉ះពាល់ដល់ផ្នែកផ្សេងៗក្នុងប្រព័ន្ធខ្យល់ ដូចជា Mass Air Flow ជាដើម។
២. មានសំឡេងប្លែក
បើអ្នកស្រាប់តែលឺសំឡេងប្លែកចេញពីប្លុកម៉ាស៊ីន ដូចជា សំឡេងប៉ុបៗ ឬសំឡេងដូចពពុះទឹក នោះវាអាចបណ្តាលមកពីបញ្ហាអ៊ែម៉ាស៊ីន។
៣. ផ្សែងខ្មៅចេញពីបំពង់ស៊ឺមុំាង និងធុំក្លិនឈ្ងៀម
នៅពេលអ៊ែម៉ាស៊ីនខូច វាក៏នឹងកាត់បន្ថយខ្យល់ដែលចូលទៅដល់បន្ទប់ចំហេះ បណ្តាលឲ្យមានល្បាយឥន្ធនៈច្រើនពេក ក្នុងការដុតបញ្ឆេះជាមួយគ្នា ធ្វើឲ្យវាឆេះមិនសព្វ និងចេញផ្សែងខ្មៅតាមបំពង់ស៊ឺមុំាង ព្រមទាំងមានក្លិនឆ្ងៀមសាំងទៀតផង។
៤. ម៉ាស៊ីនឆេះអត់ស្មើ និងសន្ទុះធ្លាក់ចុះ
ដូចចំណុចទី៣ខាងលើដែរ នៅពេលឥន្ធនៈឆេះមិនសព្វក្នុងបន្ទប់ចំហេះនោះ ប៊ូស៊ីដែលជាអ្នកបាញ់ផ្កាភ្លើងដុតល្បាយខ្យល់ និងល្បាយឥន្ធនៈ ក៏នឹងទទួលរងផលប៉ះពាល់ផងដែរ ធ្វើឲ្យការបាញ់ផ្កាភ្លើងមិនល្អ បណ្តាលឲ្យម៉ាស៊ីនឆេះមិនស្មើ និងធ្លាក់ចុះសន្ទុះផងដែរ។
៥. អ៊ែម៉ាស៊ីនប្រែពណ៌កាន់តែខ្មៅ
ត្រង់ចំណុចនេះ ម្ចាស់រថយន្តអាចសង្កេតមើលដោយខ្លួនឯងបានតាមរយៈមើលពណ៌របស់អ៊ែម៉ាស៊ីន។ អ៊ែថ្មីមានពណ៌ស ឬប្រផេះស្រាល ប៉ុន្តែបើវាប្រែពណ៌កាន់តែខ្មៅ និងមានជាប់ដីធូលីច្រើន គឺគួរពិចារណាផ្លាស់ប្តូរចេញតែម្តង៕