
ក្រុមហ៊ុន Jetour បានដាក់លក់ជាផ្លូវការនូវរថយន្ដទទួលបានការបំផុសគំនិតរចនាតាមបែបរថយន្ដប្រណាំង Rally ម៉ូឌែល Zongheng G700 Taklimakan Rally Edition នៅឯពិព័រណ៍រថយន្ត Guangzhou ឆ្នាំ ២០២៥ ហើយនេះក៏ជាការបង្ហាញខ្លួនជាសកលលើកដំបូងរបស់រថយន្ដនេះផងដែរ។
រថយន្ដ Jetour Rally Edition នេះត្រូវបានផ្តល់ជូនក្នុងជម្រើសពីរប្រភេទ ហើយត្រូវបានដាក់កក្នុងតម្លៃពិសេសចន្លោះពី ៤៧ ០៣០ ដល់ ៤៩ ៧០០ ដុល្លារជាមួយរយៈមានកំណត់ ខណៈដែលតម្លៃធម្មតាមានតម្លៃចន្លោះពី ៥០ ៥៤៧ ដល់ ៥៣ ៣៥៦ដុល្លារ។ ជាមួយគ្នានេះក្រុមហ៊ុន Jetour បានបញ្ជាក់ថា ម៉ូឌែលពិសេសនេះរួមបញ្ចូលគ្នានូវគ្រឿងបន្លាស់សម្រាប់បើកបរផ្លូវពិបាក ជាពិសេសប្រើក្នុងការប្រណាំងបែប Rally រួមបញ្ចូលជាមួយមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងកាប៊ីនរថយន្ត នេះបើយោងតាមការរាយការណ៍របស់ IT-home។
រថយន្ត Jetour G700 Taklimakan Rally Edition រចនាផ្សាភ្ជាប់ជាមួយរូបរាងខាងក្រៅដែលយកគំរូតាមរថយន្ដប្រណាំង Rally ដោយត្រូវបានប្រើប្រាសទឹកថ្នាំពណ៌ក្រហមឆ្អៅ បន្ថែមជាបន្ទះការពារក្រោមតួរថយន្ត ធ្វើពីដែកអាលុយមីញ៉ូម-ម៉ាញ៉េស្យូម ទំហំ ៥ មីលីម៉ែត្រ។ ក្រុមហ៊ុន Jetour ក៏បានបញ្ជាក់ថាបន្ទះការពារនេះស្រាលជាងដែកធម្មតា ១៥% និងរឹងមាំជាង ៣០% អាចទ្រទ្រង់កម្លាំងបុករហូតដល់កម្រិត 210MPa ហើយផ្តល់ភាពធន់នឹងច្រេះបានប្រសើរជាង ៥០០% ដោយមិនចាំបាច់លាបថ្នាំការពារឡើយ។ រថយន្ត SUV នេះក៏ភ្ជាប់មកជាមួយបូម Nitrogen (nitrogen dampers) ដែលអាចលៃតម្រូវបាន ៦៤កម្រិត និងសំបកកង់ all-terrain មកជាស្រេច។
សម្រាប់កម្រិតសមត្ថភាពវិញរថយន្តនេដំណើរដោយម៉ាស៊ីន Hybrid ចំណុះ ២.០ Tubro អាចផលិតកម្លាំងបាន ១៥៥ គីឡូវ៉ាត់ ប៉ុន្តែបើដំណើររួមគ្នាជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងសរុបបាន ៥៦០ គីឡូវ៉ាត់ ឬស្មើប្រមាណ ៧៥០សេះ និងកម្លាំងបង្វិលសរុប ៧៩៥ញូតុនម៉ែត្រ។
ចូលមកដល់ផ្នែកខាងក្នុងរបស់រថយន្តនេះបានបំពាក់មកជាមួយអេក្រង់ទំហំ ៣៥.៤ អ៊ីញ ដំណើរការដោយប្រព័ន្ធជំនួយអ្នកបើកបរ Huawei Qian Kun ADS 4 គាំទ្រឧបករណ៏ចាប់សញ្ញា (perception sensors) ចំនួន២៧គ្រាប់។ ចំពោះកៅអីរថយន្តស្រោបដោយស្បែកច្រើនស្រទាប់រួមបញ្ចូលជាមមួយមុខងារម៉ាស្សា ៨ ចំណុច, ខ្យល់ចេញចូល (ventilation), កម្តៅ (heating) និងមុខងារទ្រទ្រង់ជើង។ សម្រាប់ឧបករណ៍បំពងសម្លេងវិញ បានបំពាក់មកជាមួយប្រព័ន្ធ Lescon audio system។
គួរបញ្ជាក់ផងដែរចាប់តាំងពីការដាក់លក់ជាសកលនៅថ្ងៃទី ១៩ ខែតុលា មកក្រុមហ៊ុន Jetour បានបញ្ជាក់ថា រថយន្ត G700 ទទួលបានការកុម្ម៉ង់ទិញ (orders) សរុប ២២ ៣៧២ គ្រឿង នៅទូទាំងពិភពលោក ដោយក្នុងនោះរថយន្ដចំនួន ១០ ៥២៩ គ្រឿងពីទទួលបានការកក់ពីទីផ្សារក្រៅប្រទេស៕























