អ្នកចាំទិញឡាន Lexus RX ស៊េរីឆ្នាំ២០២៣ ប្រភេទកៅអីបីជួរ អាចខកចិត្តពេលដឹងដំណឹងនេះ

[ទីផ្សារបរទេស] Lexus បានប្រកាសចេញរថយន្ត RX L ដែលជារថយន្តកៅអីបីជួរ ក្នុងកម្មវិធី LA Auto Show ឆ្នាំ២០១៧ ហើយ​ជាមួយ​រថយន្ត​ជំនាន់ថ្មីដែលផ្លាស់ប្ដូររូបរាងថ្មី នឹងមិនមានជាប្រភេទកៅអីបីជួរតទៀតឡើយ។

អ្នកនាំពាក្យ Lexus មួយរូបបានបញ្ជាក់ជាមួយវិបសាយរថយន្ត Motor1.com ថារថយន្ត RX ស៊េរីឆ្នាំ២០២៣ បាន​ប្រកាស​ចេញ​ជា​មួយ​ប្រភេទកៅអីពីរជួរតែមួយប្រភេទប៉ុណ្ណោះ។ នៅក្នុង​សេចក្ដីប្រកាសរបស់ Lexus មិនបានបញ្ជាក់ទេថា​ RX ស៊េរី​ឆ្នាំ​២០២៣ នឹងមានជាប្រភេទកៅអីបីជួរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កន្លងមកក៏មានជាការលេចលឺពាក្យចចាមអារ៉ាមថា Toyota កំពុងសម្ងំ​ផលិតរថយន្ត SUV កៅអីបីជួរថ្មី ដែលឌីហ្សាញជា​ពិសេស​សម្រាប់​ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ នឹងមានមួយម៉ូដែលបំពាក់ម៉ាក Toyota ខណៈដែលមួយទៀតបំពាក់ម៉ាក Lexus ហើយ​ រថយន្ត Lexus កៅអីបីជួរថ្មី អាចនឹងមានឈ្មោះថា Lexus TX ដែលនឹង​ស្ថិតនៅពីលើរថយន្ត RX។

ទោះថាមិនមានជាកៅអីបីជួរ ប៉ុន្តែការដុសខាត់ថ្មីលើរថយន្ត Lexus RX ជំនាន់ទីប្រាំ អាចនឹងឲ្យ​អ្នកគាំទ្រពេញចិត្ត​ពេញ​ថ្លើម​បាន។ រថយន្តជំនាន់ថ្មីនេះ ប្រើគ្រោងឆ្អឹង GA-K ដែល​ជួយ​កាត់​បន្ថយ​ទម្ងន់រថយន្ត និង​បន្ថែម​ប្រវែងពីកង់មុខទៅកង់ក្រោយ ក៏ដូចជា​បន្ថយ​ប្រវែងសរុបនៃរថយន្តផងដែរ។

ការដាក់លក់ Lexus RX ស៊េរីឆ្នាំ២០២៣ នឹងចាប់ផ្ដើម​នៅ​អំឡុងចុងឆ្នាំ២០២២ ដោយ Lexus មិនទាន់​បាន​ប្រកាស​អំពី​តម្លៃ​ចាប់​ផ្ដើម​នៅ​ឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម