[បរទេស] បើយោងតាមក្រុមអ្នកវិភាគបានជឿថារថយន្តធុនស្រាលថ្មីចំនួន ៨៨,៣ លានគ្រឿងអាចនឹងត្រូវបានលក់នៅទូទាំងពិភពលោកនៅឆ្នាំ២០២៤ ដោយសារឧស្សាហកម្មនៅតែបន្តការងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត Covid-19 និងកង្វះខ្សែសង្វាក់ផ្គត់ផ្គង់ជាបន្តបន្ទាប់។
ជាមួយគ្នានេះ គេហទំព័រ S&P Global Mobility បានឲ្យដឹងថា ការលក់រថយន្តធុនស្រាលថ្មីសកលនឹងកើនឡើង ២,៨% ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដែលពួកគេត្រូវបានព្យាករណ៍ថានឹងឈានដល់ជិត ៨៦ លានគ្រឿង កើនឡើង ៨,៩% ពីឆ្នាំ ២០២២ ហើយនៅឆ្នាំក្រោយការលក់ត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងទីផ្សារសំខាន់ៗរួមមានអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសចិន បើទោះបីជាហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច និងតម្លៃរថយន្តដែលនៅតែខ្ពស់ក៏ដោយ៖
- នៅអឺរ៉ុបការលក់អាចកើនឡើង ២,៩% ស្មើនឹង ១៥,១ លានគ្រឿង
- នៅសហរដ្ឋអាមេរិក ការលក់ត្រូវបានគេរំពឹងថានឹងកើនឡើង ២% ស្មើនឹងចំនួន ១៥,៩ លានគ្រឿង
- នៅក្នុងប្រទេសចិន ការលក់អាចកើនឡើង ៤,២% ស្មើនឹងចំនួន ២៦,៤ លានគ្រឿង
គួរបញ្ជាក់ផងដែរថា យោងតាមប្រភពដដែល ជឿជាក់ថាការផលិតរថយន្តធុនស្រាលសកលនឹងធ្លាក់ចុះបន្តិចនៅឆ្នាំ២០២៤ ដែលអាចនឹងធ្លាក់ចុះ ០,៤% មកត្រឹមចំនួន ៨៩,៤ លានគ្រឿង ។ ខណៈនៅឆ្នាំ ២០២៣ ឧស្សាហកម្មនេះនឹងផលិតបានប្រហែល ៨៩,៨ លានគ្រឿង កើនឡើង ៩% ពីឆ្នាំ ២០២២ ៕