ឧស្សាហកម្មផលិតរថយន្តប្រទេសថៃ កំពុងជួបវិបត្តិធ្លាក់ចុះធ្ងន់ធ្ងរ

[បរទេស] កាលពីពេលថ្មីនេះៗ សហព័ន្ធឧស្សាហកម្មផលិតរថយន្តប្រទេសថៃ (FTI) បានធ្វើការប្រកាសថា ការផលិតរថយន្តក្នុងខែមករា ឆ្នាំ ២០២៥ បានចំនួនត្រឹមតែ ១០៧ ១០៣ គ្រឿង ជាចំនួនធ្លាក់ចុះ ២៤,៦៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក៏ជាចំនួនធ្លាក់ចុះ ១៨ ខែជាប់ៗគ្នាផងដែរ ។

ជាមួយគ្នានេះ ការ​លក់​រថយន្ត​នៅ​ទូទាំង​​ប្រទេស​ថៃ​ក៏​មាន​ចំនួន​ត្រឹមតែ ៤៨ ០៩២ គ្រឿង​ប៉ុណ្ណោះ នៅក្នុងខែមករា ឆ្នាំ ២០២៥ បាន​ធ្លាក់​ចុះ ១២,២៦% ​ក្នុង​រយៈពេល​ដូច​គ្នា ខណៈកាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ ការ​លក់​រថយន្ត​នៅ​ក៏​ធ្លាក់​ចុះ ​២០,៩៤%​  ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាម ​​Reuters ចំនួនរថយន្តថៃដែលបាននាំចេញក្នុងខែដំបូងនៃឆ្នាំនេះមិនមានអ្វីប្រសើរជាងនេះទេ ដោយបានចំនួន ៦២ ៣២១ គ្រឿង ធ្លាក់ចុះ ២៨,១៣% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣៣ ខែចុងក្រោយនេះ។

គួរឲ្យដឹងថា ប្រទេស​ថៃ​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​ធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ជា​មូលដ្ឋាន​នាំ​ចេញ​សម្រាប់ “ក្រុមហ៊ុន​យក្ស” ជា​ច្រើន​ដូច​ជា Toyota, Honda និង Mitsubishi ដោយក្នុងនោះ នៅកម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០១៨ ការផលិតរថយន្តនៅប្រទេសនេះ បានកើនឡើងដល់កំពូលជាមួយនឹងរថយន្តជាង ២ លានគ្រឿងដែលផលិត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម