ក្រោយពីមានការរាយការណ៍ថា Hyundai បានពិភាក្សាគ្នាជាមួយ Apple ក្នុងការផលិតរថយន្តអគ្គិសនីដែលអាចបើកបរដោយខ្លួនឯងនោះ នៅពេលនេះមានការអះអាងថាទំនួលខុសត្រូវនៃគម្រោងការនេះត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន Kia ជំនួសវិញ។
ការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង eDaily បានអះអាងថា Kia នឹងធ្វើជាអ្នកគ្រប់គ្រងគម្រោងការ ហើយការអភិវឌ្ឍន៍និងផលិតរថយន្តអគ្គិសនីរបស់ Apple អាចនឹងធ្វើឡើងនៅរោងចក្ររបស់ Kia ដែលស្ថិតនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។
ការចុះផ្សាយរបស់ eDaily បានដាក់ការប៉ាន់ស្មានថា Hyundai ប្រហែលជានឹងយកពេលវេលាផ្ដោតលើពង្រីក និងអភិវឌ្ឍន៍ម៉ាករថយន្តរបស់ខ្លួន ជាជាងផលិតរថយន្តឲ្យ Apple។ បន្ថែមពីនេះក៏មានការអះអាងថា Hyundai បានព្រួយបារម្ភថា Apple អាចនឹងធ្វើជាអ្នកគ្រប់គ្រងលើគម្រោងការរបស់ខ្លួន និងប្រើប្រាស់ Hyundai ដើម្បីធ្វើជាអ្នកផលិតឲ្យតែប៉ុណ្ណោះ។
គួរដឹងថា Apple បានបោះបង់ចោលផែនការបង្កើតរថយន្តកាលពីឆ្នាំ ២០១៦ ប៉ុន្តែការចុះផ្សាយកាលពីចុងខែធ្នូកន្លងទៅបានអះអាងថាកិច្ចការទាក់ទងនឹងគម្រោងការផលិតរថយន្តរបស់ Apple បានបន្តដំណើរការវិញហើយ៕