៤៤ថ្ងៃទៀត! Lexus LX600 មកដល់ខ្មែរ

[ទីផ្សារក្នុងស្រុក] ក្រោយពីរថយន្ត SUV ខ្នាតធំរបស់ក្រុមហ៊ុនជប៉ុន Lexus បានបង្ហាញចេញនូវតម្លៃផ្លូវការចេញពីរោងចក្ររួចហើយមក ក៏មានទីផ្សារមួយចំនួនបានធ្វើការទទួលកក់នៃរថយន្ត SUV នេះ ជាក់ស្តែងដូចជាទីផ្សារវៀតណាមបានធ្វើការទទួលកក់នៃរថយន្តនេះផងដែរ ប៉ុន្តែសម្រាប់ផ្សារប្រទេសកម្ពុជាវិញ កាលពីម្សិលមិញកន្លងទៅទំព័រ Facebook នៃការ៉ាស់លក់រថយន្តដ៏ល្បីឈ្មោះនៅកម្ពុជា HengHeng Auto ក៏បានធ្វើការបើកទទួលការកក់ដូចគ្នាដែរ ដោយបន្ថែមជាមួយនូវការបញ្ជាក់ពីពេលវេលានៃការមកដល់នៃរថយន្តនេះផងដែរ ដោយនៅសល់ ៤៤ថ្ងៃទៀត (ពាក់កណ្តាលខែ៤)។

ទោះជាយ៉ាងណា យើងពុំដឹងថារថយន្តដែលត្រៀមនឹងបង្ហាញវត្តមាននៅពេលខាងមុខនេះជាម៉ូឌែលអ្វីនេះឡើយ ប៉ុន្តែតាមរយៈរូបភាពនៃការបង្ហោះឡើងរបស់ការ៉ាស់ឡាននោះ រថយន្តនេះជាប្រភេទកៅអី ៧ ដែលអាចជាម៉ូឌែលប្រភេទ Premium និង Luxury (ចុចទីនេះដើម្បីមើលពីលក្ខណៈពិសេសៗផ្ទាល់ចេញពីគេហទំព័រផ្លូវការ)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើក្រឡេកទៅមើលតម្លៃនេះរថយន្តនេះវិញសម្រាប់ប្រទេសវៀតណាម (អានលម្អិតនៅទីនេះ!) មានតម្លៃចាប់ពី ៣៤ម៉ឺនដុល្លារ ដល់ ៣៩ម៉ឺនដុល្លារ ខណៈទីផ្សារកម្ពុជារថយន្តនេះពុំដឹងថាមានតម្លៃប៉ុន្មាននោះឡើយ ប៉ុន្តែបើតាមព័ត៌មានលេចលឺបញ្ជាក់ថារថយន្តនេះមានតម្លៃខ្ទង់ពីជិត ៤០ម៉ឺនដុល្លារដល់ ៤០ម៉ឺនដុល្លារស្តើង។

គួរបញ្ជាក់ផងដែរ បើតាមព័ត៌មានដែលយើងខ្ញុំធ្លាប់ចេញផ្សាយកន្លងទៅ (អានលម្អិតនៅទីនេះ!) រថយន្តនេះត្រូវបានផលិតឡើងជាមួយការធ្វើអោយប្រសើឡើងនូវសមត្ថភាពនៃការបើកបរ ជាមួយការប្រើប្រាស់គ្រោងឆ្អឹងថ្មីឈ្មោះថា TNGA-F ដែលមានទម្ងន់ស្រាលជាងមុនចំនួន ២០០គីឡូក្រាម និងរឹងមាំជាងមុន ២០ភាគរយ ។ បន្ថែមពីនេះដើម្បីអោយការបើកបរផ្លូវលំបាក(Off-Road)កាន់តែប្រសើរ Lexus បានផ្តល់រថយន្តនេះដូចគ្នាជាមួយបងប្អូន LC300 របស់ខ្លួនដែរ ដែលមានប្រព័ន្ធ Electronic Kinetic Dynamic Suspension(E-KDSS) ថ្មី និង Multi-Terrain Monitor ដែលបង្ហាញពីឧបសគ្គភ្លាមៗ និងMulti-Terrain Select ក្នុងការជ្រើសរើសជម្រើសការបើកបរល្អបំផុតផងដែរ។

សម្រាប់ម៉ូឌែលឆ្នាំ២០២២ រថយន្តនេះធ្វើការផ្លាស់ប្តូរមកប្រើម៉ាស៊ីនថ្មីចំណុះ ៣,៥លីត្រ Turbo V6 ដែលអាចផលិតកម្លាំងបាន ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខថ្មី ១០វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម