៨ ជំហានក្នុងការបើកបរឡានលេខដៃ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] បើទោះបីជាបច្ចុប្បន្នការនិយមប្រើប្រាស់លេខដៃ មានការថយចុះក៏ពិតមែន ប៉ុន្តែការប្រើប្រាស់រថយន្តលេខដៃនៅតែជាជម្រើសល្អ និងស័ក្តិសមបំផុតសម្រាប់រថយន្តប្រកបអាជីវកម្ម។ ថ្ងៃនេះ ខេមបូអូតូ សូមបង្ហាញពីជំហាន ៨យ៉ាង ដើម្បីបើកបររថយន្តដែលប្រើប្រអប់លេខដៃ៖

១. ស្វែងយល់ពីឈ្នាន់នីមួយៗ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុននឹងអ្នកចាប់ផ្តើមបើកបររថយន្តលេខដៃ អ្នកត្រូវស្គាល់ឈ្នាន់ នីមួយៗទាំងនេះសិន ។ នៅពេលអ្នកអង្គុយកៅអីអ្នកបើកបរ អ្នកត្រូវក្រលេកមើលឈ្នាន់ទាំង ៣ នៅខាងមុខជើងរបស់អ្នក។

  • ឈ្នាន់ទី១នៅខាងឆ្វេង គឺឈ្នាន់អំប្រ៊ីយ៉ា​ (ឈ្នាន់នេះមានតែក្នុងរថយន្តដែលមានប្រអប់លេខដៃតែប៉ុណ្ណោះ)
  • ឈ្នាន់ទី២នៅកណ្តាល គឺឈ្នាន់ហ្រ្វាំង
  • ឈ្នាន់ទី៣នៅខាងស្តាំ គឺឈ្នាន់បង្កើនល្បឿនឬហ្គ៊ែរ

អ្នកគួរតែប្រើជើងឆ្វេងសម្រាប់ឈ្នាន់អំប្រ៊ីយ៉ា​ និងជើងស្តាំសម្រាប់ឈ្នាន់ហ្រ្វាំងនិងឈ្នាន់បង្កើនល្បឿន។ នៅពេលអ្នកជាន់ឬសង្កត់ឈ្នាន់អំប្រ៊ីយ៉ា​ចុះក្រោមដោយជើងឆ្វេងរបស់អ្នក គឺអ្នកកំពុងផ្តាច់ចលនាបង្វិលពីម៉ាស៊ីនចូលមកប្រអល់លេខ មានន័យថារថយន្តកំពុងបញ្ឆេះ តែប្រអប់លេខគ្មានចលនាអ្វីទាំងអស់។ បើអ្នកដកជើងឆ្វេងចេញពីឈ្នាន់អំប្រ៊ីយ៉ា​ នោះនឹងមានកម្លាំងកកិតនៃឌីសអំប្រ៊ីយ៉ា​រវាងកង់យោងនិងប្លាតូសង្កត់ ដែលប្រទាក់ជាប់និងឡាប ប្រអប់លេខ ដែលធ្វើឲ្យរថយន្តទៅមុខ។

២. ស្វែងយល់អំពីដៃលេខ

មុនបញ្ឆេះរថយន្តអ្នកត្រូវក្រលេកមើលដៃលេខសិន។ ដៃលេខមានទីតាំងនៅផ្នែកកណ្តាលកៅអីរបស់អ្នកអង្គុយនិងអ្នកបើកបរ។ លេខ១ មានទីតាំងនៅខាងឆ្វេងផ្នែកខាងលើ ហើយ លេខ៥ ទាញដៃលេខពីឆ្វេងទៅស្តាំ រួចរុញទៅលើ។ ទីតាំងលេខត្រូវបង្ហាញយ៉ាងច្បាស់នៅលើដៃលេខរថយន្ត ដែលយើងអាចមើលតាមនោះបាន។ បើទីតាំងដៃលេខស្ថិតនៅទីតាំងស្រប ឬមិនជាប់លេខ(N) វាមានភាពងាយស្រួល ក្នុងការផ្លាស់ប្តូរលេខ។

៣. ចាប់ផ្តើមបញ្ឆេះរថយន្ត

ដើម្បីបញ្ឆេះរថយន្ត ដំបូងអ្នកត្រូវជាន់ឈ្នាន់អំប្រ៊ីយ៉ា​ ដោយជើងឆ្វេងរបស់អ្នក។ ត្រូវប្រាកដថាដៃលេខស្ថិតនៅទីតាំងស្របមិនជាប់លេខ មុនពេលកាច់សោរបញ្ឆេះរថយន្ត ប្រសិនបើអ្នក ប្រាកដថាឡានរបស់អ្នកមិនជាប់លេខ អ្នកអាចដកជើងចេញពីឈ្នាន់អំប្រ៊ីយ៉ា​បាន ត្រូវប្រាកដថា ហ្វ្រាំងដៃមិនត្រូវបានប្រើ ឬលើកមកខាងលើ។

៤. ជាន់ឈ្នាន់អំប្រ៊ីយ៉ា​

ដើម្បីត្រៀមបើកបរ សូមជាន់ឈ្នាន់អំប្រ៊ីយ៉ា​ដោយជើងឆ្វេង និងជាន់ឈ្នាន់ហ្រ្វាំងដោយជើងស្តាំរបស់អ្នក។

៥. ទាញដៃលេខចូលទៅលេខ១

បន្ទាប់មក​ បើដៃលេខនៅទីតាំងស្របមិនជាប់លេខ ទាញដៃ ចូលលេខ១ដោយមានទីទាំងនៅខាងឆ្វេងផ្នែកខាងលើ។

៦. ដកជើងចេញពីឈ្នាន់ហ្វ្រាំង

ចូលដកជើងស្តាំចេញពីឈ្នាន់ហ្វ្រាំងចេញ បើរថយន្តរបស់អ្នកស្ថិតលើផ្ទៃរាបស្មើ នោះអ្នកមានអារម្មណ៍រថយន្តរបស់អ្នករំកិលទៅមុខបន្តិចបន្តួច។

៧. ដកជើងចេញពីឈ្នាន់អំប្រ៊ីយ៉ា​ ហើយជាន់ឈ្នាន់បង្កើនល្បឿន

ចាប់ផ្តើមបន្ថយកម្លាំងចេញពីឈ្នាន់អំប្រ៊ីយ៉ា​យឺតៗ ដោយអាស្រ័យរថយន្តអ្នក មានអារម្មណ៍ថាទៅមុខយឺតៗ ដំណាល គ្នានោះអ្នកត្រូវជាន់ឈ្នាន់បង្កើន ល្បឿនដោយប្រើជើងស្តាំរបស់អ្នក។ កុំបង្កើនល្បឿនរថយន្តហួសកម្រិត  សូមចាំថាលេខ១ រចនាឡើងសម្រាប់ល្បឿន ១៧គឺឡូម៉ែត្រក្នុងមួយម៉ោង​។

៨. ល្បឿននៃលេខនីមួយៗត្រូវដឹងមុនពេលប្តូរលេខ

នៅពេលចង់ផ្លាស់ប្តូរចូលលេខ២ អ្នកត្រូវដកជើងស្តាំចេញពីឈ្នាន់បង្កើនល្បឿន ហើយជាន់ឈ្នាន់អំប្រ៊ីយ៉ា​ដោយជើងឆ្វេងក្នុងពេលដំណាលគ្នា រួចទាញដៃលេខចូលលេខ២ ហើយបន្តការជាន់ឈ្នាន់បង្កើនល្បឿនម្តងទៀត។ បង្កើនល្បឿនរហូតដល់អ្នកមានអារម្មណ៍ថាត្រូវផ្តាស់ប្តូរលេខបន្តទៀត។ អាស្រ័យលើរថយន្តរបស់អ្នក អ្នកអាចប្រើរង្វាស់ល្បឿន RPM ឬសំឡេងម៉ាស៊ីន ដើម្បីគណនាឬលៃតម្រូវសម្រាប់ការផ្លាស់ប្តូរលេខ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម