​មើលរាងឡាន Suzuki ថ្មី ក្រោយចាប់ដៃជាមួយ Toyota

Suzuki បាន​បង្ហាញ​ចេញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​ជា​រថយន្ត SUV Plug-in Hybrid ​​ដែល​ជា​លទ្ធផល​ក្រោយ​ពី​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន Toyota។

វា​គឺ​ជា​រថយន្ត Suzuki Across ស៊េរី​ថ្មី ដែល​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត Toyota RAV4 ប្រភេទ Plug-in Hybrid ដូច​គ្នា។ ទ្រង់ទ្រាយ​ទាំង​មូល​របស់​រថយន្ត​ហាក់​មិន​ខុស​ពី Toyota RAV4 ឡើយ ប៉ុន្តែ​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​លើ​អំពូល LED ខាង​មុខ និង​ផ្ទាំង​ប៉ាណា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​ផ្នែក​ខាង​ក្នុង​វិញ ក៏​មិន​មាន​ផ្លាស់​ប្ដូរ​ខុស​ពី RAV4 ខ្លាំង​ដែរ វា​មាន​ខុស​គ្នា​តែ​នៅ​ត្រង់​ការ​ឌីហ្សាញ​ចង្កូត និង​កុងទ័រ​រថយន្ត​តែ​ប៉ុណ្ណោះ។ រថយន្ត​នេះ​មាន​បំពាក់​ដោយ​អេក្រង់​កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ ដែល​គាំទ្រ​មុខងារ Apple CarPlay និង Android Auto។

ចំពោះ​គ្រឿង​ម៉ាស៊ីន​របស់​រថយន្ត​មិន​ខុស​ពី RAV4 នោះ​ទេ ដោយ​នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ ២,៥លីត្រ ៤ស៊ីឡាំង កម្លាំង ១៧៣សេះ ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ដែល​ម៉ូទ័រ​ខាង​មុខ​កម្លាំង ១៨០សេះ ហើយ​ម៉ូទ័រ​ក្រោយ​មាន​កម្លាំង​ ៥៤សេះ។ Suzuki មិន​បាន​បញ្ជាក់​ថា​ប្រព័ន្ធ​ម៉ាស៊ីន​នេះ​ផលិត​កម្លាំង​បាន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បើ​នៅ​លើ RAV4 វា​អាច​ផលិត​កម្លាំង​បាន ៣០២សេះ។ Suzuki អះអាង​ថា​គុយ​ទំហំ ១៨,១ kWh ដែល​មាន​លើ​រថយន្ត Across នេះ អាច​ឲ្យ​រថយន្ត​បើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៧៥គីឡូម៉ែត្រ។

Suzuki នឹង​បញ្ចេញ​លក់​រថយន្ត​នេះ​នៅ​អឺរ៉ុប​នា​អំឡុង​ចុង​ឆ្នាំ ២០២០ ដោយ​នឹង​ប្រកាស​តម្លៃ​លក់​នា​ពេល​ក្រោយ៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម