កង្វះឈីបសកល ធ្វើឲ្យប្រាក់ចំណេញ Toyota ធ្លាក់ចុះ ខណៈផលិតកម្មរងផលប៉ះពាល់

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota ដែលជាយក្សមួយនៃឧស្សាហកម្មរថយន្តជប៉ុន បានមើលឃើញប្រាក់ចំណេញរបស់ខ្លួនធ្លាក់ចុះ ២១% សម្រាប់រយៈពេល ៣ខែចុងក្រោយនៃឆ្នាំ ២០២១ ដោយសារកង្វះបន្ទះឈីបជាសកល ដែលប៉ះពាល់ដល់ការផលិត។

ក្រុមហ៊ុន Toyota បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី៣ របស់ខ្លួន ទទួលបាន ៧៨៤,៤ ពាន់លានយ៉េន (៦,៨ពាន់លានដុល្លារ) ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកខាងលើ ក៏បានកាត់បន្ថយគោលដៅផលិតកម្មប្រចាំឆ្នាំរបស់ខ្លួន ចំនួន ៥០០ ០០០ គ្រឿង មកនៅត្រឹមសរុប ៨,៥ លានគ្រឿងវិញទៀតផង។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតនៅជុំវិញពិភពលោកកំពុងតស៊ូ និងជម្នះដើម្បីស្វែងរកបន្ទះឈីបអេឡិចត្រូនិចឲ្យបានគ្រប់គ្រាន់ សម្រាប់ផលិតផលរបស់ពួកគេ។

គួររំលឹកថា កាលពីខែកញ្ញា ក្រុមហ៊ុន Toyota បានកាត់បន្ថយការផលិតរថយន្តទូទាំងពិភពលោករបស់ខ្លួនចំនួន ៤០% ដោយសារតែកង្វះបន្ទះឈីបនេះ៕

ប្រភព ៖ BBC

ផ្ទាំងផ្សាយពាណិជ្ជកម្ម