ក្រុមហ៊ុន Lexus នឹងបំពាក់កញ្ចប់ប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនគឺ Lexus Safety System+ លើរថយន្តស៊េរីឆ្នាំ ២០២០ គ្រប់ម៉ូដែលទាំងអស់តែម្តង ។
កញ្ចប់ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ នោះរួមបញ្ចូលទាំង មុខងារ Pre-collision System with Pedestrian Detection , Lane Departure Alert , Dynamic Radar Cruise Control និង Intelligent High Beam Headlights ផងដែរ ។
មុខងារ Intelligent High Beam Headlights នឹងបើកភ្លើងហ្វារឡើងដោយស្វ័យប្រវត្តិ នៅពេលផ្លូវខាងមុខទំនេរ ហើយវានឹងទម្លាក់ភ្លើងហ្វារវិញ នៅពេលមានភ្លើងចង្កៀងមុខ ឬ ចង្កៀងក្រោយរបស់រថយន្តដទៃ ។
មុខងារ Dynamic Radar Cruise Control ប្រើកាមេរ៉ា និង រ៉ាដា ដើម្បីកំណត់ល្បឿនរថយន្តដោយស្វ័យប្រវត្តិឱ្យសមស្របនឹងចរាចរខាងមុខ ។
មុខងារ Lane Departure Alert ប្រើប្រាស់កាមេរ៉ាស្កេនផ្លូវដើម្បីកំណត់គំនូសផ្លូវ និង ទីតាំងរបស់រថយន្ត ។ ករណីរថយន្តចាកចេញពីគន្លងផ្លូវដោយអចេតនា នោះរថយន្តនឹងបញ្ចេញសំឡេង និង រូបភាព ក៏ដូចជា រំញ័រលើដៃចង្កូត ។
មុខងារ Pre-collision System with Pedestrian Detection នឹងស្កេនផ្លូវនៅខាងមុខរថយន្ត ហើយនឹងប្រាប់តាមរយៈការបញ្ចេញសំឡេង ប្រសិនបើការប៉ះទង្គិចអាចកើតឡើង ។ ករណីអ្នកបើកបរមិនអើពើនឹងការព្រមាន រថយន្តនឹងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិតែម្តង ៕