តម្លៃប្រេងឥន្ធនៈទាំងសាំង និងម៉ាស៊ូត បានហក់ឡើងកាន់តែខ្ពស់បង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់រថយន្តចំហេះក្នុង។ ក្នុងអំឡុងពេលនេះ អ្នកបើកបររថយន្ត គួរចាប់ផ្តើមកត់សម្គាល់ពីការស៊ីសាំងខ្លាំង ដើម្បីរកវិធីដោះស្រាយ និងជួសជុល ក្នុងការជួយសន្សំសំចៃ កាត់បន្ថយការចំណាយបានខ្លះដែរ។

ជាទូទៅ មូលហេតុនៃការស៊ីសាំងខ្លាំងរបស់រថយន្ត គឺពាក់ព័ន្ធនឹងកត្តាធំៗ រួមមានដូចជា៖
១. ទម្លាប់នៃការបើកបរ
-ការជាន់ហ្គែរខ្លាំង ហើយជាន់ហ្វ្រាំងភ្លាមៗ។
-ការបើកបរក្នុងល្បឿនខ្ពស់ៗចាប់ពី ១០០គីឡូម៉ែត្រក្នុង១ម៉ោងឡើងទៅ។
-ការបញ្ឆេះរថយន្តចោលយូរពេក ដែលជាការខ្ជះខ្ជាយសាំងអត់ប្រយោជន៍។
២. កំហូចគ្រឿងបង្គុំ ដែលធ្វើឲ្យប៉ះពាល់តុល្យភាពនៃការដុតចំហេះរវាងឥន្ធនៈ និង ខ្យល់ រួមមាន៖ តម្រងខ្យល់ ប៊ូស៊ី ប៊ិចសាំង ឌុយស៊ីមុំាង ក្លាប៉េទឹក សម្ពាធខ្យល់កង់ និងការប្រើប្រេងម៉ាស៊ីនខាប់ជាដើម។
៣. ស្ថានភាពចរាចរណ៍៖ ការកកស្ទះចរាចរណ៍ ធ្វើឲ្យចម្ងាយបើកបរបានតិច តែស៊ីសាំងច្រើន។
៤. ការដឹកធ្ងន់ៗ បើកម៉ាស៊ីនត្រជាក់ខ្លាំង និងការបើកកញ្ចក់បង្អួចក្នុងពេលបើកបរដែលធ្វើឲ្យខ្យល់ចូលក្នុងរថយន្ត ក៏អាចធ្វើឲ្យរថយន្តស៊ីសាំងផងដែរ៕
















