នាពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តបុត្រសម្ព័ន្ធរបស់ Nissan គឺ Infiniti បានប្រកាសពីគម្រោងបង្កើតគ្រោងឆ្អឹងថ្មីសម្រាប់រថយន្តអគ្គិសនី។ ឥឡូវនេះ Infiniti ក៏បានបង្ហើបឲ្យដឹងបន្ថែមថា គ្រោងឆ្អឹងថ្មីនោះនឹងត្រូវប្រើលើរថយន្តនាពេលអនាគតទាំងអស់ លើកលែងតែម៉ូដែល QX80 ប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ គ្រោងឆ្អឹងថ្មីនឹងរចនាឡើងដើម្បីជួយដល់ប្រព័ន្ធថាមពលអគ្គិសនី ក៏ដូចជា ប្រព័ន្ធ e-POWER របស់រថយន្ត Infiniti ទាំងអស់។ នេះមានន័យថា រថយន្តស៊េរីក្រោយៗនឹងត្រូវបំពាក់ម៉ូទ័រអគ្គិសនីមួយ , អាគុយមួយ និង ម៉ាស៊ីនសាំងមួយ។
លោក Roland Krueger ប្រធានក្រុមហ៊ុន Infiniti មិនទាន់ត្រៀមលក្ខណៈដើម្បីប្រាប់ព័ត៌មានជាក់លាក់ឡើយ ប៉ុន្តែលោកបានចង្អុលបង្ហាញថា រថយន្តដែលប្រើគ្រោងឆ្អឹងថ្មី នឹងអាចមានកម្លាំងរហូតដល់ ៤០០ សេះ ខណៈរថយន្តអគ្គិសនីវិញនឹងអាចធ្វើដំណើរបានយ៉ាងហោចណាស់ចម្ងាយ ៥០០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។
ជាមួយគ្នានេះ លោក Francois Bancon អនុប្រធានផ្នែកយុទ្ធសាស្រ្តផលិតផលរបស់ក្រុមហ៊ុន Infiniti ក៏បានបញ្ជាក់ថា គ្រោងឆ្អឹងថ្មីនឹងប្រើជាមួយប្រព័ន្ធបើកបរប៉ុងពីរ AWD ដោយសារតែវាអាចបំពាក់ម៉ូទ័រអគ្គិសនីមួយនៅខាងក្រោយ ដើម្បីផ្ដល់ថាមពលទៅកង់ខាងក្រោយ៕