
ក្រុមហ៊ុនជប៉ុន Toyota នឹងបើកដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេស មានឈ្មោះជាភាសាអង់គ្លេស Toyota Academy ផ្ដោកលើជំនាញក្នុងវិស័យមេកានិកនិងយានយន្ត បន្ថែមជូនដល់ប្រជាជនកម្ពុជា។ ដូច្នេះនាខាងមុខកម្ពុជានឹងកាន់តែមានធនធានមនុស្សលើផ្នែកមេកានិករថយន្ដ ដែលទទួលបានការបណ្ដុះបណ្ដាលពីក្រុមហ៊ុន Toyota ផ្ទាល់។
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មការសម្រេចបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសគឺជាតបស្នង ដោយសាររាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគ និងធុរកិច្ចរបស់ខ្លួននៅកម្ពុជា តួយ៉ាងការចុះបញ្ជីម៉ាក និងការស្នើសុំសិទ្ធផ្តាច់មុខ នេះបើយោងតាមការលើកឡើងរបស់លោក Harada Shigeru ជានាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Toyota Tsusho Co., LTD។
បន្ថែមពីនេះលោក Harada Shigeru បានបន្ថែមថាក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត។ ដោយយោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ។

ជាឆ្លើយបតនិងអរគុណដល់ទឹកចិត្តដ៏ធំធេងក្នុងស្មារតីជួយកម្ពុជាបែបនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលបានជ្រើសរើសមកបណ្តាក់ទុកវិនិយោគដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាជាដើម។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រថយន្ត Toyota មានភាពពេញនិយមខ្លាំងចំពោះប្រជាជនកម្ពុជា ដោយភាពល្បីល្បាញលើគុណភាព និងភាពធន់ ដែលផ្តល់ភាពជឿជាក់ដល់អ្នកបើកបរ។
គួរបញ្ជាក់ផងដែរថាជំនួបពិភាក្សារការងារនេះ បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ដោយមានវត្ដមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយតំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលដឹកនាំដោយលោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) និងសហការី ព្រមទាំងតំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

គួររំលឹកផងដែរកន្លងមកក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia បានចូលរួមចំណែកជាមួយកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការអភិវឌ្ឍន៍ឧស្សាហកម្មយានយន្ដ។ ជាក់ស្ដែងក្នុងចង្វាក់ផលិតកម្មផ្គុំ និងដំឡើងរថយន្ដដែលក្រុមហ៊ុនបានបោះទុនវិនិយោគសរុប ៣៦,៨លានដុល្លារនេះ នឹងប្រើបុគ្គលិកជំនាញចំនួន ១៥០នាក់៕