កម្ពុជា នៅសល់តែខេត្ត១ប៉ុណ្ណោះ ដែលមិនទាន់មានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី

មកដល់ពេលនេះ កម្ពុជា មានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ទើរគ្រប់រាជធានីខេត្តទៅហើយ ដោយនៅសល់តែខេត្ត១ប៉ុណ្ណោះ គឺខេត្តឧត្តរមានជ័យ។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងក្នុងសន្និបាតនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ថា អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញអាជ្ញាបណ្ណឲ្យអ្នកវិនិយោគស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី បានចំនួន២០ ដែលមានស្ថានីយសាកចំនួន ៨០ និងមានម៉ាស៊ីនសាកចំនួន ១៤២គ្រឿង គ្របដណ្តប់លើរាជធានីខេត្ត ចំនួន ១៧ ដោយនៅសល់ខេត្តចំនួន៨ មិនទាន់មានអ្នកវិនិយោគដែលមានអាជ្ញាបណ្ណ រួមមានខេត្តក្រចេះ មណ្ឌលគិរី ព្រះវិហារ រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តត្បូងឃ្មុំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ក្នុងចំណោមខេត្តទាំង៨នេះ មានខេត្តចំនួន៧ ដែលមានស្ថានីយសាករួចហើយ ប៉ុន្តែមិនទាន់បានស្នើសុំអាជ្ញាបណ្ណ ដោយឡែកមានតែខេត្តឧត្តរមានជ័យតែមួយគត់ដែលពុំទាន់មានស្ថានីយសាក។

ជាមួយគ្នានេះដែរ អាជ្ញាធរអគ្គិសនីកម្ពុជា បានបន្តជំរុញបន្ថែមទៀតឲ្យមានស្ថានីយសាក នៅគ្រប់ខេត្ត ស្រុក ខណ្ឌ និងទីប្រជុំជននានា ព្រមទាំងជំរុញឲ្យស្ថានីយសាកទាំងអស់ ភ្ជាប់ app ជាតិផងដែរ។

សូមជម្រាបថា ស្ថានីយបញ្ចូលថាមពល EV ដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់

-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត

-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ

-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ

-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម