ស្នាមញញឹមកុមារា កុមារី បានបង្ហាញនូវភាពស្រស់ស្រាយ និងមោទនះភាពបំផុតសម្រាប់ពួកគេ នៅក្នុងកម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦ របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលបានប្រារព្ធឡើងនៅ ផ្សារទំនើប អ៊ីអន មានជ័យ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣។
កម្ម វិធី ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦“ អញ្ជើញចូលរួមក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក រីអូជិ ហ្វូជីតា (Ryoji Fujita) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភីជាច្រើនទៀត។
ស្នាដៃគំនូរពោរពេញទៅដោយគំនិតច្នៃប្រឌិត និង ក្តីស្រម៉ៃដែលមនុស្សពេញវ័យភាគច្រើនមិនអាចធ្វើបានដូចប្អូនៗនេះ ត្រូវបានឆ្លងកាត់ពីការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត បានរកឃើញគំនូរ ៩រូប ល្អបំផុតដែលឈ្នះជ័យលាភីថ្នាក់ជាតិជាផ្លូវការដើម្បីយកទៅប្រកួតប្រជែងក្នុងការប្រកួតបន្តនៅប្រទេសជប៉ុន។ ក្រៅពី ៩ រូបគំនូរនេះ ៣គំនូរផ្សេងទៀត ក៏ទទួលបានពានរង្វាន់ National Best Finalist ក្នុងប្រភេទក្រុមគូរគំនូនីមួយៗផងដែរ ។ អ្វីដែលសំខាន់បំផុតនោះ មានស្នាដៃសិល្បៈគំនូរចុងក្រោយមួយដែលត្រូវបានជ្រើសរើសដោយលោកអគ្គនាយកផ្ទាល់ក្នុងនាមជាពានរង្វាន់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។
សម្រាប់ការប្រកួតប្រជែងនាឆ្នាំ២០២៣ នេះ ក្រុមហ៊ុនទទួលបានផ្ទាំងគំនូរពីបេក្ខជនដែលដាក់ពាក្យចូលរួមប្រកួតចំនួន ១ ១០៧ ផ្ទាំង ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរនៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ផងដែរថាក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគតតាមរយៈការគូរគំនូររថយន្ត ។ កម្មវិធីប្រកួតប្រជែងគូរគំនូរនេះត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងចំណោមរូបគំនូរទាំង ១,១០៧ ផ្ទាំងនេះត្រូវបានបែងចែកជាបីក្រុមអាយុរួមមាន៖ ក្រុមអាយុក្រោម ៨ ឆ្នាំ មានចំនួន ១២២ ផ្ទាំង ក្រុមអាយុ ពី ៨-១១ឆ្នាំ មានចំនួន ៥០២ ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន ៤៨៣ ផ្ទាំង។
សំរាប់ពានរង្វាន់កិត្តិយសអគ្គនាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានទៅលើ កុមារី ឆន ស្រីមាស
សំរាប់អាយុក្រោម ៨ឆ្នាំ:
- រូបគំនូរល្អបំផុតចុងក្រោយគឺ ម៉ុន សុចិត្រភិមាន
- ចំណាត់ថ្នាក់លេខ១ : អុឹង ចាន់សុខលី
- ចំណាត់ថ្នាក់លេខ២ : កែវ មុនីរ័ត្ន
- ចំណាត់ថ្នាក់លេខ៣ : គឹម ចាន់វណ្ណាស័ក្ត
សំរាប់អាយុ ៨ឆ្នាំ ដល់ ១១ឆ្នាំ:
- រូបគំនូរល្អបំផុតចុងក្រោយគឺ លីម ស៊ូជីន
- ចំណាត់ថ្នាក់លេខ១ : សេន សុីណាហ្វីលីព
- ចំណាត់ថ្នាក់លេខ២ : ឈូ យូហ៊ុយ
- ចំណាត់ថ្នាក់លេខ៣ : ថាន់ ចំរើនរីអារីយ៉ា
សំរាប់អាយុ ១២ឆ្នាំ ដល់ ១៥ឆ្នាំ:
- រូបគំនូរល្អបំផុតចុងក្រោយគឺ ជា ខេមរិន្ទ
- ចំណាត់ថ្នាក់លេខ១ : អុឹង ឆោមចាន់ដាវីន
- ចំណាត់ថ្នាក់លេខ២ : កែវ ឆដាវត្តី
- ចំណាត់ថ្នាក់លេខ៣ : អុឹង ចោមចាន់ដាណែត
ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ បានទទួលរង្វាន់ជាច្រើនដូចខាងក្រោម៖
- ជ័យលាភីលេខ ១ ទទួលបាន Ipad 10th និងនាឡិកាឆ្លាតវៃមួយ
- ជ័យលាភីលេខ ២ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ
- ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad
- ជ័យលាភីកិត្តិយស President award : Huawei mate Pad
សូមបញ្ជាក់ផងដែរនេះជាកម្មវិធីប្រកួតដ៏ពិសេសមួយរបស់ក្រុមហ៊ុន តូយ៉ូតា ដែលអនុញ្ញាតិអោយប្អូនកុមារៗបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេតាម គំនូររថយន្តក្នុងក្តីស្រម៉ៃ។ រាល់ការស្រម៉ៃរបស់គេ ដែលបានជាប់ជ័យលាភី នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុនដើម្បីប្រកួតជាមួយប្រទេសផ្សេងៗ។ អ្នកឈ្នះនឹងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជារង្វាន់ពិសេស៕