ទស្សនីយភាពកម្រជួបប្រទះមួយកំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅប្រទេសចិន ដោយគេឃើញរថយន្ត Tesla Model S មួយគ្រឿងអស់អាគុយតាមផ្លូវ ហើយបានពឹងរថយន្ត BYD ឲ្យជួយសាកភ្លើងឲ្យ ត្បិតថារថយន្តដែលជួយនោះគឺជារថយន្ត Hybrid។
រថយន្ត BYD ដែលបានជួយសង្គ្រោះ Tesla Model S គឺជាម៉ូដែល BYD Song Pro DM ដែលមានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ ១,៥លីត្រ គួបផ្សំនឹងម៉ូទ័រអគ្គិសនីនិងអាគុយចំណុះ ១៥,៧ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៣១៩សេះ។ រថយន្តរបស់ក្រុមហ៊ុនចិននេះអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយដល់ ៨១គីឡូម៉ែត្រ ហើយវាមានគាំទ្រមុខងារសាកភ្លើងឲ្យរថយន្តផ្សេងទៀតផង។
គួរដឹងថាការសាកភ្លើងពីរថយន្តមួយទៅរថយន្តមួយគឺកំណត់ត្រឹមល្បឿន ២គីឡូវ៉ាត់ ដែលមានន័យថាត្រូវប្រើពេល ២ម៉ោង ទើបរថយន្ត Tesla អាចទទួលបានថាមពលគ្រប់គ្រាន់ដើម្បីបើកទៅកាន់ស្ថានីយសាកភ្លើងល្បឿនលឿនដែលនៅក្បែរ៕