ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើទំនើបកម្មទាំងប្រព័ន្ធចុះបញ្ជី ក៏ដូចជាការចេញបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះ ដោយមានបំពាក់ QR Code បន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់អំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ការផ្ទៀងផ្ទាត់របស់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចអនុវត្តច្បាប់។

ក្រសួងបញ្ជាក់ថា ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការរីកចម្រើននៃបច្ចេកវិទ្យា ជនខិលខូច តែងរិះរកវិធីសាស្រ្តក្លែងបន្លំ ដែលបច្ចុប្បន្ននេះយើងសង្កេតឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះក្រសួងបានដាក់ចេញនូវវិធានការសុវត្ថិភាពបន្ថែមទៀតដោយបានធ្វើទំនើបកម្មបណ្ណសម្គាល់ប្រភេទថ្មីនេះ ដោយមានបង្កប់លក្ខណៈពិសេសសម្ងាត់ក្នុងបណ្ណ ដោយមិនអាចមើលបានដោយភ្នែកទទេបានឡើយ ព្រមទាំងងាយស្រួលក្នុងការពិនិត្យភាពត្រឹមត្រូវ និងមានការបែងចែកពណ៌បណ្ណរវាងទោចក្រយានយន្ត និងរថយន្តផងដែរ។

កន្លងមកក្រសួងក៏បានដាក់ចេញនូវកម្មវិធីតាមទូរស័ព្ទដៃ app «Vehicle Info» សម្រាប់មន្រ្តីនគរបាលមានសមត្ថកិច្ច ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យយានជំនិះក្នុងការអនុវត្តច្បាប់ផងដែរ។
សូមជម្រាបថា ក្រសួងបានដាក់ឲ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះប្រភេទថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦មក។ ប្រសិនបើអ្នកទើបទិញរថយន្តថ្មី គឺនឹងទទួលបានបណ្ណសម្គាល់យានជំនិះប្រភេទថ្មីនេះ ដោយត្រូវដាក់ពាក្យសុំចុះបញ្ជីយានជំនិះនៅទីតាំងផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមប្រព័ន្ធអនឡាញ។ ម្ចាស់យានជំនិះ ត្រូវភ្ជាប់មកជាមួយឯកសារដូចជា អត្តសញ្ញាណបណ្ណ បង្កាន់ដៃពន្ធយានយន្ត លិខិតទិញលក់ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។ ចំពោះបណ្ណចាស់ បងប្អូននៅបន្តប្រើប្រាស់បានធម្មតា។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់បានបណ្ណប្រភេទថ្មី បងប្អុនអាចដាក់ពាក្យស្នើសុំប្តូរនៅតាមទីតាំងផ្តល់សេវាសាធារណៈរបស់ក្រសួង រៀងរាល់ម៉ោងធ្វើការ៕

















