[ទីផ្សារបរទេស] ថ្មីៗកន្លងទៅនេះ ប្រធានផ្នែកវិនិយោគិនរបស់ Tesla ឈ្មោះ Martin Viecha បានចែករំលែកព័ត៌មានគួរចាប់អារម្មណ៍មួយចំនួនអំពី Tesla ក្នុងកម្មវិធីសន្និសីទកាសែតដែលបានធ្វើឡើងនៅទីក្រុង San Francisco សហរដ្ឋអាមេរិក។
Martin បានបង្ហាញអំពីផែនការប្រាំឆ្នាំទៀតរបស់ Tesla រួមទាំងបាននិយាយអំពីចំណាយនៃការផលិតរថយន្ត Tesla ផងដែរ ដោយលើកបានលើកឡើងថា ខ្ទង់ចំណាយលើការផលិតរថយន្តមួយគ្រឿងគឺជាតួលេខសំខាន់ដែលត្រូវតាមដានក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត។
ប្រធានផ្នែករូបនេះបានបង្ហាញថាកាលពីឆ្នាំ២០១៧ Tesla បានចំណាយ ៨៤ ០០០ដុល្លារ លើការផលិតរថយន្តមួយគ្រឿងៗ ហើយការចំណាយនេះបានធ្លាក់ចុះមកនៅត្រឹម ៣៦ ០០០ដុល្លារ ក្នុងមួយគ្រឿង នៅអំឡុងប៉ុន្មានត្រីមាសចុងក្រោយនេះ។ ការធ្លាក់ថ្លៃនៃខ្ទង់ចំណាយនេះដែរ មិនមានពាក់ព័ន្ធនឹងការថយចុះនៃតម្លៃអាគុយរថយន្តនោះទេ។
ផ្ទុយទៅវិញ Tesla បានផលប្រយោជន៍ពីការឌីហ្សាញរថយន្តដែលកាន់តែប្រសើរឡើង ធ្វើឲ្យការផលិតរថយន្តកាន់តែងាយស្រួល រួមទាំងការឌីហ្សាញរោងចក្រថ្មីផងដែរ។ លោក Martin បន្ថែមថារោងចក្រដំបូងរបស់ Tesla នៅរដ្ឋ California មិនមែនជាតំបន់ល្អក្នុងការផលិតរថយន្តអគ្គិសនីនោះទេ ដោយមានទីតាំងដទៃទៀតធ្វើឲ្យការចំណាយលើការផលិតមានការថយចុះ ដូចជានៅទីក្រុងសៀងហៃ និងទីក្រុងប៊ែរឡាំងជាដើម។
យ៉ាងណាក្ដី Tesla នៅតែចង់បន្តកាត់បន្ថយខ្ទង់ចំណាយលើការផលិតរថយន្តមួយគ្រឿងៗ ដោយជាមួយរោងចក្រថ្មីៗបង្កើនការផលិតរថយន្តបន្ថែមទៀត នោះ Tesla នឹងអាចផលិតរថយន្តដោយចំណាយមិនដល់ ៣៦ ០០០ដុល្លារ ឡើយក្នុងមួយគ្រឿង៕