
ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថា បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងទាំងក្នុងការលក់ក្នុងប្រទេសចិន និងការនាំចេញ។ ចំពោះការនាំចេញរថយន្តរបស់ Tesla ក្នុងខែកុម្ភៈ មានចំនួនត្រឹមតែ ៣ ៩១១ គ្រឿង ប៉ុណ្ណោះ ធ្លាក់ចុះ ៨៧ភាគរយ បើប្រៀបធៀបនឹងខែកុម្ភៈឆ្នាំមុន និងធ្លាក់ចុះ ៨៦,៨ ពីខែមករា ឆ្នាំ២០២៥ ។ ខណៈនេះជាចំនួននាំចេញទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២២។
ចំណែកការលក់ក្នុងប្រទេសចិនវិញ មានចំនួន ២៦ ៧៧៧ គ្រឿង ធ្លាក់ចុះ ១១,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ២០,៦ ពីខែមករា។ ប៉ុន្តែបើគិតការលក់សរុប (ទាំងក្នុងស្រុក និងនាំចេញ) ក្នុងខែកុម្ភៈ Tesla បានលក់រថយន្តសរុប ៣០ ៦៨៨ គ្រឿង ធ្លាក់ចុះ ៤៩,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន និង ៥១,៥ភាគរយ ពីខែមករា។
គួរឲដឹងថា ការលក់រថយន្តម៉ូដែល Y របស់ Tesla ក្នុងខែកុម្ភៈ បានធ្លាក់ចុះ ៧៧,៨ភាគរយ ចំណែកម៉ូដែល 3 ធ្លាក់ចុះ ៦ភាគរយ។ ខណៈការលក់សរុបក្នុងរយៈពេល ២ ខែដំបូងក្នុងឆ្នាំ២០២៥ (មករា និងកុម្ភៈ) គិតទាំងការលក់ក្នុងស្រុក និងនាំការចេញមានចំនួន ៩៣ ៩២៦ គ្រឿង ធ្លាក់ចុះ ២៨,៧ភាគរយ៕