ការបង់ពន្ធផ្លូវនឹងបញ្ចប់ត្រឹមចុងខែវិច្ឆិកា! ចុះបើទើបទិញ​រថយន្តថ្មីក្នុងខែធ្នូ តើត្រូវបង់ពន្ធដែរឬអត់?

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ នឹងត្រូវបិទបញ្ចប់​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះហើយ។ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលទេនោះ ម្ចាស់យានយន្ត​នឹងត្រូវទទួលការផាកពិន័យបង់ពន្ធ ១០០% នៃប្រាក់ពន្ធត្រូវបង់។ ចុះបើរថយន្តថ្មីនោះ ទើបតែទិញនៅក្នុងខែធ្នូវិញ តើនឹងត្រូវបង់ពន្ធដែរ ឬយ៉ាងណា?

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា៖ ចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទទាំងឡាយណា ដែលមានបង្កាន់ដៃបង់ពន្ធនាំចូល ចេញក្នុងខែធ្នូ ត្រូវបានអនុញ្ញាតឲ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ សម្រាប់យានយន្តដែលមានបណ្ណសម្គាល់យានយន្ត ឬកាតគ្រី ចេញលើកដំបូង​ក្នុងខែធ្នូ គឺត្រូវបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២៥នេះដូចគ្នា ប៉ុន្តែត្រូវបានលើកលែងការបង់ប្រាក់ពិន័យ។

គួរដឹងដែរថា ចំពោះយានយន្តថ្មី​ដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២សន្លឹក តាមទម្រង់ VT 001 របស់អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយឯកសាររួមមាន បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះ​រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម