
[បរទេស] ពន្ធគយរបស់ប្រធានាធិបតី Donald Trump មិនត្រឹមតែជំរុញឱ្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងរថយន្ត ឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែគេក៏ត្រូវបានគេរំពឹងថានឹងបណ្តាលឱ្យមានការថយចុះនៃផលិតកម្មរថយន្តសរុបនៅឆ្នាំនេះ និងជាពិសេសអាមេរិកខាងជើង ដោយបរិមាណនៃការលក់រថយន្តរបស់សហរដ្ឋអាមេរិកក៏រំពឹងថានឹងធ្លាក់ចុះផងដែរ។
ក្នុងនោះយោងតាមអ្នកវិភាគមកពី S&P Global Mobility បានព្យាករណ៍ថានៅ ឆ្នាំ២០២៥ នឹងមានរថយន្តថ្មីចំនួន ៨៧,៩ លានគ្រឿងដែលត្រូវបានផលិតនៅទូទាំងពិភពលោក មានការធ្លាក់ចុះ ២% ឬស្មើនឹង ១,៥៥លានគ្រឿង ធៀបនឹងឆ្នាំមុន។ ចំណែកទីផ្សារសហរដ្ឋអាមេរិច យោងតាមសារព័ត៌មាន Nikkei Asia បង្ហាញថរថយន្តស្ទើរតែ ៥០% នៃរថយន្តថ្មីទាំងអស់ដែលបានលក់នៅទីផ្សារសហរដ្ឋអាមេរិចត្រូវបានផលិតនៅទីផ្សារអន្តរជាតិ លើសពីនេះគ្រឿងបន្លាស់រថយន្តចន្លោះពី ៣០% ទៅ ៦០% ក៏ត្រូវបាននាំចូលផងដែរ។ ជាមួយនឹងហេតុផលនេះ វាអាចទៅរួចដែលថាផលិតកម្មរថយន្តនៅអាមេរិកខាងជើងអាចធ្លាក់ចុះ ៩% សម្រាប់លទ្ធផលពេញមួយឆ្នាំ២០២៥ ខណៈដែលបរិមាណលក់នៅសហរដ្ឋអាមេរិកអាចធ្លាក់ចុះ ៣% ។
គួររំលឹកផងដែរថា ផលប៉ះពាល់នៃពន្ធគយអាចមានរយៈពេលយូរ ជាហេតុធ្វើអោយក្រុមហ៊ុនផលិតរថយន្តជាច្រើនរួមទាំង Audi និង Jaguar Land Rover បានបញ្ឈប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ហើយនឹងធ្វើការតាមរយៈសារពើភ័ណ្ឌដែលមានស្រាប់របស់ពួកគេ ដោយសង្ឃឹមថា Trump អាចនឹងបន្ធូរបន្ថយពន្ធបន្ថែមលើឧស្សាហកម្មរថយន្តនៅក្នុងប៉ុន្មានខែខាងមុខនេះ។
ហើយក៏មានក្រុមហ៊ុនខ្លះបានជួបពិភាក្សាដើម្បីរកដំណោះស្រាយ ជាក់ស្តែងកាលពីខែមុន នាយកប្រតិបត្តិក្រុមហ៊ុន VW Group លោក Oliver Blume បានបង្ហើបថា Audi បានកំពុងពិភាក្សាជាមួយរដ្ឋបាល Trump អំពីការបង្កើតរោងចក្រនៅសហរដ្ឋអាមេរិក ខណៈដែល VW មានរោងចក្ររួចហើយនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែសម្រាប់រថយន្ត Audi ទាំងអស់ដែលលក់នៅអាមេរិចគឺត្រូវបាននាំចូល ដូច្នេះទើបត្រូវបានជួបពិភាក្សាជាមួយរដ្ឋបាល Trump អំពីការបង្កើតរោងចក្រនៅសហរដ្ឋអាមេរិក៕