
នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៤គន្លង (២ទៅ ២មក) អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចណ៍ ចំពោះអ្នកបើកបរយានសាមញ្ញ ត្រូវបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវ។ អ្នកបើកបររថយន្ត អាចបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវបាន ក្នុងករណីចរាចរណ៍មមាញឹក និងបើកបរក្នុងល្បឿនយឺត។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ចំណែកនៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៦គន្លង (៣ទៅ ៣មក) អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវកណ្ដាល លើកលែងតែការជែង ដែលអាចបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចរណ៍បាន។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបររថយន្ត អាចបើកបរបានតាមគន្លងផ្លូវទាំង២ រាប់ពីខឿនបែងចែកទិសចរាចរណ៍ ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវកណ្តាល។ ក្នុងករណីនេះ រថយន្តនៅតាមគន្លងផ្លូវណាមួយបើកបរ លឿនជាង មិនចាត់ទុកជាការជែងឡើយ។

ជាមួយគ្នានេះ បើយោងតាមមាត្រា៩ នៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម មានខ្លឹមសារថា៖ នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្តាលទ្រូងផ្លូវផ្នែកខាងស្តាំ ដោយបើកបរកៀកទៅខាងស្តាំ។
ចំណែកនៅលើទ្រូងផ្លូវឯកទិសដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្តាំ លើកលែងតែត្រូវការបត់ឆ្វេង។ អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេងបាននៅពេលជែង ឬឈប់៕


















