
ការស្រាវជ្រាវថ្មីបានរកឃើញថា ការប្រើរថយន្តសាំងលាយអគ្គិសនី PHEV គឺមានការបំពុលបរិស្ថានតិចជាងរថយន្តចំហេះក្នុងសុទ្ធតិចតួចណាស់ ពោលគឺវានៅតែជាប្រភេទរថយន្តដែលមិនអាចជួយដល់បរិស្ថាននោះទេ។ នេះបើតាមរបាយការណ៍របស់អង្គការដឹកជញ្ជូន និងបរិស្ថាន ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា។
នៅពេលធ្វើតេស្តក្នុងបន្ទប់ពិសោធន៍ គេរកឃើញថា រថយន្ត PHEV មានការបំពុលឧស្ម័នកាបូនឌីអុកស៊ីត តិចជាងរថយន្តចំហេះក្នុងសុទ្ធរហូតដល់ ៧៥%។ ប៉ុន្តែការស្រាវជ្រាវជាក់ស្តែងលើរថយន្តប្រមាណ ៨០ម៉ឺនគ្រឿងដែលចុះបញ្ជីនៅអឺរ៉ុបពីឆ្នាំ២០២១ ដល់ ២០២៣ បានរកឃើញថា រថយន្ត PHEV បំពុលតិចជាងតែ ១៩% ប៉ុណ្ណោះ ដែលមិនខុសគ្នាប៉ុន្មានឡើយពីរថយន្តចំហេះក្នុង។
អ្នកស្រាវជ្រាវបានលើកឡើងថា រថយន្ត PHEV ត្រូវបានរចនាមកមិនអាចរត់លើអគ្គិសនីសុទ្ធនោះទេ គឺវារត់បានចម្ងាយខ្លីមានកំណត់ ដូច្នេះអ្នកបើកបរនៅតែប្រើ Mode សាំងច្រើនដដែល នៅតែធ្វើឲ្យមានការបញ្ចេញផ្សែងពុល។ អ្នកបើកបរនៅអឺរ៉ុប ហាក់មិនសូវបើកបរលើ Mode អគ្គិសនីនោះទេ សម្រាប់រថយន្ត PHEV។ វាអាចមកពីការសាកភ្លើងយឺត ខ្វះកន្លែងសាក ឬក៏អាចមានសន្ទុះខ្សោយពេលដាក់ Mode អគ្គិសនីជាដើម៕