[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Century ប្រភេទ SUV គ្រោងនឹងចេញលក់នៅក្នុងប្រទេសជប៉ុនអោយបានចំនួន ៣០ គ្រឿងក្នុងមួយខែ ប៉ុន្តែមានចំនួនកំណត់ ជាមួយការបើកទទួលកក់ទុកមុខដែលមានតម្លៃចាប់ពីខ្ទង់ ១៦៩ ៥៨០ ដុល្លារ ។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង TNGA ប្រវែងតួរខ្លួនសរុប ៥ ២០៥ ម.ម, ទទឹង ១ ៩៩០ ម.ម, កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ បើនិយាយពីការរចនានៅផ្នែកខាងក្រៅ មានបំពាក់ឡូហ្គូតំណាងដូចទៅនឹងប្រភេទ Sedan ដែលគឺប្រើប្រាស់នូវរូប Phonix ដែលជំនួសអោយឡូហ្គូ Toyota ជាមួយការប្រើប្រាស់នៅក្រូម៉េដែល Inspired ចេញពី Roll-royce ក៏ដូចជាបំពាក់នៅចង្កៀងមុខ-ក្រោយដាច់ចេញពីគ្នាប្រភេទ LED ដែលស្រដៀងទៅនឹងរថយន្ត Geneis ។ បន្ថែមពីនេះទ្វារថយន្តនេះអាចបើកបាន ៧៥ ដឺក្រេ ជាមួយការប្រើនៅកញ្ចក់ដែលជួយកាត់បន្ថយសម្លេងរំខាន ក៏ដូចជាឈ្នាន់ជំហៀងអេឡិចត្រូនិច ក្នុងនោះ Toyota ក៏មានគម្រោងផ្តល់នៅជម្រើសប្រភេទទ្វារ៉ូតសម្រាប់ជ្រើសរើសផងដែរ។
ចំណែកផ្នែកខាងក្នុងបំពាក់ស្តង់ដាជាមួយកៅអីចំនួន ៤ ដោយនៅលើតាប្លូបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ។ លើសពីនេះ កៅអីខាងក្រោយសងខាងទទួលបាននូវអេក្រង់ទំហម ១១,៦ អ៉ីញ, smartphone ចំនួន ២ ដូចទៅនឹងអេក្រង់កំណត់មុខងារ, ភ្លើងលម្អ ambient lighting, ដំបូលកញ្ចក់ និងប្រព័ន្ធសម្លេងដ៏ទំនើបផងដែរ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនPlug-in Hybrid ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ៤០៦ សេះ ជាមួយការបញ្ជូលថាមពលទៅកាន់កង់ទាំង៤ តាមរយ:ប្រអប់លេខ E-CVT និងប្រព័ន្ធបើកបរ E-Four Advanced AWD។ លើសពីនេះ បានបំពាក់ជាមួយមុខងារ Dynamic Rear Steering ដែលជួយផ្តល់នៅភាពងាយស្រួលក្នុងការគ្រប់គ្រង់នៅពេលបើកល្បឿនយឺត ព្រមទាំង Rear Comford Mode ដែលជួយដល់អ្នកបើកបរក្នុងការផ្តល់នៅផាសុកភាពដល់អ្នកនៅខាងក្រោយ៕