នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន SAIC-GM-Wuling (SGMW) បានប្រកាសជាផ្លូវការថា ការលក់សរុបនៃរថយន្ត Wuling Bingo របស់ពួកគេនៅក្នុងទីផ្សារប្រទេសចិនបានឈានដល់ចំនួន ៤០០ ០០០ គ្រឿង ចាប់តាំងពីការដាក់លក់នៅក្នុងខែមិនា ឆ្នាំ២០២៣ ។ ចំពោះរថយន្ត Wuling Bingo មានជម្រើស EV Hatchback និង Wuling Bingo SUV ។
នៅក្នុងខែវិច្ឆិកា ការលក់រាយរបស់ Wuling Bingo មានចំនួន ២៦ ៨០៨ គ្រឿង ខណៈការបញ្ជាទិញសរុបមានចំនួន ៣៥ ៧២៨ គ្រឿង ធ្វើឱ្យវាក្លាយជារថយន្តលក់ដាច់លេខ ១២ នៅក្នុងប្រទេសចិន។
សម្រាប់រថយន្ត Wuling Bingo EV Hatchback មានតម្លៃលក់ចាប់ពី ៧ ៨០០ ដុល្លារ ដល់ ១១ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន មានប្រវែង ៣ ៩៥០ មម ទទឹង ១ ៧០៨ មម កម្ពស់ ១ ៥៨០ មម និងប្រវែងគម្លាតកង់ ២ ៥៦០ មម ផ្តល់ជូនជម្រើសចំនួន ៣ អាចបើកបរបានចម្ងាយ ២០៣ គីឡូម៉ែត្រ, ៣៣៣ គីឡូម៉ែត្រ និង ៤១០ គីឡូម៉ែត្រ។
ចំណែក Wuling Bingo SUV វិញ មានតម្លៃចាប់ពី ១០ ៤០០ ដុល្លារ ដល់ ១៣ ១០០ ដុល្លារ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០១ សេះ ផ្គួបជាមួយអាគុុយទំហំ ៣១,៩ និង ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ និង ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕