ការលក់ និងការផលិតរបស់ Toyota កើនឡើងដល់លើស ៧លានគ្រឿង គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣

[បរទេស] ក្រុមហ៊ុន Toyota បានលក់រថយន្តសរុបចំនួន ៩២១ ៣០៨ គ្រឿងនៅក្នុងខែកញ្ញា កើនឡើង ១១,៦% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ បើធៀបនឹងឆ្នាំមុនសម្រាប់ការលក់ចាប់ពីខែមករា ដល់ខែកញ្ញា ការលក់នៅលើសកលលោកកើនឡើង ៦,៧% ស្មើនឹងចំនួន ៧ ៥៧១ ៧៣៣ គ្រឿង ហើយផលិតកម្មបានកើនឡើង ១០,១% ស្មើនឹង ៧ ៤០២ ៨៦១ គ្រឿង។ ការផលិតនៅក្នុងប្រទេសជប៉ុនគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ក្រុមហ៊ុននៅឆ្នាំនេះ ដោយបានកើនឡើង ២៧,៣% ស្មើនឹង ២ ៥០០ ៩៨៨ គ្រឿងចាប់តាំងពីខែមករា។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តបានផលិតរថយន្តចំនួន ៩០០ ៩១៩ គ្រឿងនៅក្នុងខែកញ្ញា ក្នុងចំណោមរថយន្តទាំងនេះចំនួន ៣១០ ៩២០ គ្រឿង ត្រូវបានផលិតនៅក្នុងប្រទេសជប៉ុនកើនឡើង ១២,៨% ខណៈដែល ៥៨៩ ៩៩៩ គ្រឿងផ្សេងទៀតត្រូវបានផលិតនៅក្រៅប្រទេស ថយចុះ ៣,៦% ។ លើសពីនេះ ខែកញ្ញា គឺជាខែទី ៩ ជាប់ៗគ្នានៃការកើនឡើងផលិតកម្មពីមួយឆ្នាំទៅមួយឆ្នាំរបស់ Toyota  ប៉ុន្តែវាជាខែទីពីរជាប់ៗគ្នានៃការថយចុះផលិតកម្មពីមួយឆ្នាំទៅមួយឆ្នាំនៅខាងក្រៅប្រទេសជប៉ុនផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្នុងរយៈពេលពីខែកក្កដា ដល់ខែកញ្ញា ក្រុមហ៊ុន Toyota ទទួលបានប្រាក់ចំណេញប្រតិបត្តិការបំបែកកំណត់ត្រាចំនួន ៩,៥ ពាន់លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ១៥៥,៦% បើធៀបនឹងរយៈពេលមុនកាលពីឆ្នាំមុន។ ក្នុងនោះ Toyota ចាត់ទុកផ្នែកសំខាន់នៃភាពជោគជ័យនេះចំពោះតម្រូវការកើនឡើងសម្រាប់ការផ្តល់ជូនរថយន្តប្រើម៉ាស៊ីនកូនកាត់ hybrid Plug-in hybrid និងប្រើថាមពលងគ្គិសនីលក់បានចំនួន ៣៦,៤% នៃការលក់សរុបរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងត្រីមាសនេះ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីភាគហ៊ុន ២៧,៣% បើធៀបនឹងកាលពីឆ្នាំមុន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម