រថយន្តអគ្គិសនីតែងតែត្រូវបានគេគិតថា ធន់ជាងរថយន្តប្រើសាំង ឬម៉ាស៊ូត។ យ៉ាងណាមិញ រថយន្តអគ្គិសនីមានផ្នែកផ្លាស់ទីតិចជាងរថយន្តប្រើសាំង ឬម៉ាស៊ូត ក៏ដូចជា វត្ថុរាវដែលងាយនឹងបង្កជាហេតុ ឬបញ្ហា តិចជាងដើម្បីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីមួយបង្ហាញថា រថយន្តអគ្គិសនីប្រហែលជាមិនធន់ជាងរថយន្តប្រើសាំង ឬម៉ាស៊ូត នោះទេ។
ការស្ទង់មតិថ្មីមួយដោយក្រុមអ្នកប្រើប្រាស់នៅចក្រភពអង់គ្លេស ឈ្មោះថា “Which?” បង្ហាញពីម្ចាស់រថយន្តប្រើសាំង ឬម៉ាស៊ូតបែបប្រពៃណី រាយការណ៍ពីបញ្ហាតិចជាងក្នុងរយៈពេល ៤ ឆ្នាំដំបូងនៃកម្មសិទ្ធិ ជាងម្ចាស់យានយន្តអគ្គិសនី។
Which? បានស្ទង់មតិមនុស្ស ៤៨ ០០០ អំពីយានយន្តដែលពួកគេបើកបរ ដែលរួមមានរថយន្តអគ្គិសនីចំនួន ២ ១៨៤គ្រឿង ក្នុងចំណោមរថយន្ត ជិត ៥៧ ០០០ គ្រឿង។
គួរឲ្យដឹងថា ក្នុងនោះ ៣៩ភាគរយនៃម្ចាស់រថយន្តអគ្គិសនី បានរាយការណ៍ពីបញ្ហាក្នុងរយៈពេល ៤ ឆ្នាំដំបូង បើប្រៀបធៀបទៅនឹងម្ចាស់រថយន្តប្រើសាំង ត្រឹមតែ ១៩ ភាគរយ និង ២៩ ភាគរយ សម្រាប់ម្ចាស់រថយន្តប្រើម៉ាស៊ូត។
យ៉ាងណាមិញ មិនត្រឹមតែរថយន្តអគ្គិសនីមានទំនោរមិនសូវធន់នោះទេ តម្រូវការជួសជុលបញ្ហា ជាធម្មតាត្រូវការចំណាយពេលយូរជាងរថយន្តប្រើសាំង ឬម៉ាស៊ូត ទៀតផង។ បញ្ហាទូទៅបំផុតបានកើតឡើងជាមួយផ្នែកកម្មវិធី (software) ដែលចំណាយពេលជួសជុលរហូតដល់ ៥ថ្ងៃ បើធៀបនឹងការជួសជុលរយៈពេល ៣ថ្ងៃសម្រាប់រថយន្តប្រើសាំង និង ៤ថ្ងៃ សម្រាប់រថយន្តប្រើម៉ាស៊ូត៕