
ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាជាច្រើននៃការបំពានច្បាប់បើកបរ និងដើម្បីកាត់បន្ថយនូវបញ្ហាជាច្រើននៅលើដងផ្លូវដូចជាគ្រោះថ្នាក់ចររាចរណ៍ និងការកកស្ទះ ពេលនេះ អាជ្ងាធររបស់រដ្ឋ Louisiana ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានប្រកាសចេញនូវច្បាប់ថ្មីហើយ ដោយក្នុងនោះការអនុវត្តច្បាប់ថ្មីនេះគឺដើម្បីដោះស្រាយនូវបញ្ហាខាងលើទាំងអស់នេះ។
ក្នុងនោះ សម្រាប់ច្បាប់ថ្មី SB 11 នេះ គឺបានចែងថា ប្រសិនបើអ្នកបើកបរណាមួយហ៊ានបើកបរយឺតជាងល្បឿនកំណត់នៅលើគន្លងផ្លូវសម្រាប់វ៉ាជែងនោះ (Passing Lane) ទោះបីក្រោមល្បឿនកំណត់ 1mph ឬ ១,៦គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យ ហើយលើសពីនេះក៏អាចជាប់ពន្ធនាគារផងដែរ។ ក្នុងនោះ យោងតាមនាយកដ្ឋានដឹកជញ្ជូន និងអភិវឌ្ឍន៍រដ្ឋ Louisiana បានឱ្យដឹងថា ផ្លូវហាយវេមានល្បឿនកំណត់ 75mph ឬ ១២០km/h។
គួរបញ្ជាក់ថា សម្រាប់ការចាប់ផ្តើមអនុវត្តច្បាប់ថ្មី SB 11 នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១ ខែសីហា តទៅ ហើយចំពោះការផាកពិន័យវិញ សម្រាប់អ្នកប្រព្រឹត្តបទល្មើសលើកដំបូង នឹងត្រូវបង់ប្រាក់ពិន័យចំនួន ១៥០ដុល្លារ ហើយប្រសិនបើមានលើកទី២ ទៀត នឹងត្រូវបង់ចំនួន ២៥០ដុល្លារ ប៉ុន្តែប្រសិនបើមានចំនួនប្រព្រឹត្តខុសលើសពី ៣ដង ក្នុងរយៈពេល ១២ខែ វិញ នឹងត្រូវបង់ប្រាក់ពិន័យចំនួន ៣៥០ដុល្លារ ឬជាប់ពន្ធនាគាររយៈពេល ៣០ថ្ងៃ តែម្តង៕