កុំច្រលំ! នេះគឺជាឡាន Suzuki Jimny មិនមែន Mercedes-Benz G-Class ទេ

[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្តដ៏ល្បី Brabus បានបំពាក់តួខ្លួនទៅរថយន្ត Suzuki Jimny ដែលបំផុសគំនិតដោយរថយន្ត Mercedes-Benz G-Class ធ្វើឲ្យរថយន្ត Jimny ពិសេសនេះកាន់តែមានភាពទាក់ទាញភ្នែកខ្លាំង ជាមួយតម្លៃលក់ ៤៤ ៩២១ ដុល្លារ ថ្លៃជាងម៉ូដែលស្តង់ដារ ១៩ ៨៧៤ ដុល្លារ នៅទីផ្សារប្រទេសអារ៉ាប់។

សម្រាប់ផ្នែកខាងមុខរបស់ Suzuki Jimny ត្រូវបានផ្លាស់ប្តូរជាមួយនឹងចង្កៀងមុខថ្មី,ប៉ាណារចនាប័ទ្មតាមរថយន្ត Mercedes-Benz, ពង្រីករន្ធខ្យល់ និងគម្របម៉ាស៊ីនជាមួយនឹងមានរន្ធខ្យល់ នឹងរបារអំពូល LED នៅលើដំបូលចំនួន ២។ ការ​កែប្រែ​ផ្សេង​ទៀត​រួម​មាន​ថាសកង់​​ថ្មី​ពណ៌​ខ្មៅ និង​ឈ្នាន់ជើង​ចំហៀង​ធំ កាង spoiler ខាងក្រោយធ្វើពី carbon fiber ដែលភ្ជាប់ទៅនឹងដំបូល គម្របកង់រថយន្តម៉ាក Brabus និងចង្កៀងខាងក្រោយថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានកែថ្នៃ ដោយកៅអី ផ្ទៃតាឡូ ប្រអប់លេខ បន្ទះទ្វារ និងដៃចង្កូតត្រូវបានស្រោបដោយស្បែកពណ៌ខៀវ ខណៈដែលផ្នែកផ្សេងៗនៃកាប៊ីនត្រូវបានតុបតែងដោយស្បែក Alcantara ។ បន្ថែមពីនេះ ផ្នែកម៉ាស៊ីនមិនត្រូវបានកែថ្នៃនោះទេ ។

គួរបញ្ជាក់ផងដែរ រថយន្ត Suzuki ពិសេសនេះត្រូវបានចុះបញ្ជីសម្រាប់លក់តាមរយៈក្រុមហ៊ុន Al Ain Class Motors ក្នុងទីក្រុងឌូបៃ និងជារថយន្ត Jimnys ដែលត្រូវបានធ្វើឲ្យប្រសើរឡើងខ្លាំងបំផុតមួយព្រោះវាមើលទៅពិតជាដូចរថយន្ត G-Class ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម