កុំច្រលំ Toyota Tundra តែជា Tundar របស់ប្រទេសចិន តម្លៃតែ ៥ ០០០ ដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតថយន្តរបស់ចិនបានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ “Tundar” ដែលមានរូបរាងស្រដៀងទៅនឹងរថយន្តភីកអាប់ Toyota Tundra ដែលមានតម្លៃលក់ចាប់ពី ៥ ០០០ ដុល្លារប៉ុណ្ណោះនៅក្នុងទីផ្សារប្រទេសចិន។

យោងតាមគេហទំព័រ drive.com.au បានបញ្ចេញរូបភាពនៃរថយន្តភីកអាប់របស់ចិន ដែលដាក់ឈ្មោះថា Tundar ដោយគណនី facebook ឈ្មោះ Sino Vehicle Hub (SVH) បានបញ្ជាក់ថា រថយន្តនេះមានប្រវែង ៤ ១៥០ ម.ម ទទឹង ១ ៦៨០ ម.ម និងកម្ពស់ ១ ៥៤០ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Tundar ក៏ភ្ជាប់មកជាមួយផ្នែកខាងមុខស្រដៀងទៅ Toyota Tundra ដោយប៉ាណាមុខមួយផ្ទាំងធំ, ចង្កៀងមុខរាងអក្សរ T ជាមួយនឹងកាងខាងមុខ និងខាងក្រោយ។ ខណៈ ចង្កៀងខាងក្រោយជាប្រភេទ LED បញ្ឈរ ជាមួយនឹងរបារស្ព័រនៅឃ្លុបខាងក្រោយ ប៉ុន្តែរថយន្ត Tundar បំពាក់ដោយថាសកង់ទំហំត្រឹមតែ ១៣ អ៊ីញប៉ុណ្ណោះ។

គេហទំព័រនេះក៏បានបង្ហាញពីរូបភាពនៃផ្នែកខាងក្នុងរបស់ Tundar ដែលមានការរចនាប្លែកខុសពីរថយន្តភីកអាប់ Tundra ជាមួយនឹងរន្ធម៉ាស៊ីនត្រជាក់រាងមូល។ ខណៈ ការតុបតែងកុងសូលខាងមុខ និងទ្វារជាមួយនឹងគ្រឿងបរិក្ខាពណ៌ក្រហម, ដៃចង្កូតប្រភេទ 3-spoke ជាមួយនឹងកុងទ័រព័ត៌មានដែលភ្ជាប់ជាមួយនឹងអេក្រង់កំសាន្តដូចគ្នា។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Tundar បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,០ លីត្រ ទំហំ ៣ ស៊ីឡាំង ផលិតដោយក្រុមហ៊ុន Isuzu ដែលបញ្ចូនកម្លាំងទៅកាន់កង់ក្រោយតាមរយៈប្រអប់លេខដៃ ៥ វគ្គ។ បើយោងតាមទំព័រ Facebook របស់ SVH សម្រាប់អ្នកដែលចាប់អារម្មណ៍នៅខាងក្រៅទីផ្សារប្រទេសចិនអាចបញ្ជាទិញរថយន្ត Tundar ក្នុងតម្លៃត្រឹមតែ ៥ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម