កូនឡានអគ្គិសនីថ្មីរបស់ Geely លេចរូបរាងនៅប្រទេសចិន

[ទីផ្សារបរទេស] អតិថិជននៅប្រទេសចិននឹងមានជម្រើសទិញរថយន្តអគ្គិសនីខ្នាតតូចថ្មីមួយដែលជាផលិតផលរបស់ក្រុមហ៊ុន Geely មានឈ្មោះថារថយន្ត Panda ដោយមានទ្រង់ទ្រាយស្រដៀងនឹងរថយន្ត Wuling Hongguang Mini EV ជារថយន្តអគ្គិសនីលក់ដាច់ជាងគេនៅប្រទេសចិន។

ព័ត៌មានបញ្ចេញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានបង្ហាញថារថយន្តខ្នាតតូចនេះមានប្រវែងត្រឹម ៣០៦៥ម.ម ទទឹង ១៥២២ម.ម កម្ពស់ ១៦០០ម.ម និងមានប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២០១៥ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Panda នេះនឹងមានដាក់លក់ក្រោមក្រុមហ៊ុន Geometry ដែលស្ថិតក្រោមក្រុមហ៊ុន Geely ខណៈដែលការប្រកាសចេញនៅមិនទាន់កើតមាននៅឡើយទេ ប៉ុន្តែមានការចុះផ្សាយថាវាមានប្រើប្រាស់ម៉ូទ័រអគ្គិសនីកម្លាំង ៤០សេះ។

បន្ថែមពីនេះបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថារថយន្ត Panda គឺមានបំពាក់អាគុយខ្នាតតូចប្រភេទលីចូម ដែលទទួលបានការផ្គត់ផ្គង់ពីក្រុមហ៊ុន Gotion Hi-Tech។ គេមិនទាន់ច្បាស់នៅឡើយទេថា Geely នឹងចាប់ផ្ដើមលក់រថយន្ត Panda នៅពេលណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម