កូនឡានអគ្គិសនីថ្មីរបស់ Wuling លេចវត្តមាននៅឥណ្ឌូណេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុន Wuling ទទួលបានភាពល្បីល្បាញ​តាមរយៈ​ការផលិតរថយន្តអគ្គិសនីខ្នាតតូច Mini EV ដែល​ពេញ​និយម​ខ្លាំងក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះ​ទើបបាន​បង្ហាញ​រថយន្ត​អគ្គិសនីខ្នាតតូចថ្មី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

រថយន្តឈ្មោះថា Wuling EV បានបង្ហាញវត្តមាននៅទីក្រុងចាកាតា ដោយមានរូបរាងតូច ប្រើប្រាស់ថាមពលអគ្គិសនី និង​មាន​រចនាបថ​បែបអនាគតថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបង្ហាញផ្លូវការនូវ Wuling EV នេះ ហាក់​មិន​បាន​ផ្ដល់​ជា​ព័ត៌មាន​ជុំវិញ​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​នេះ​ឡើយ។ យ៉ាងណាក្ដី កាលពីប៉ុន្មានសប្ដាហ៍មុន រថយន្ត Wuling Air ដែលមានរូបរាងដូចរថយន្តខាងលើ​បាន​លេចធ្លាយ​ចេញ​ពី​វិបសាយ​ក្រសួង​ឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន និងបានបង្ហាញព័ត៌មានមួយចំនួន។

ក្នុងនោះមានបញ្ជាក់ថារថយន្តនេះមានចំនួនពីរប្រភេទ គឺប្រភេទពីរកៅអីដែលមាន​ប្រវែង ២៥៩៩ម.ម មាន​ និងប្រភេទបួន​កៅ​អីដែលមានប្រវែង ២៩៧៤ម.ម។ រថយន្ត​ទាំង​ពីរប្រភេទមានបំពាក់ម៉ូទ័រអគ្គិសនី​ដែល​ផលិត​កម្លាំងបាន ៤០សេះ ដោយរថយន្តនេះ​ស្ថិត​នៅ​កម្រិតដែលខ្ពស់ជាងរថយន្ត Mini EV និង Nano EV។

រថយន្ត Wuling EV នឹងមានចេញលក់លើទីផ្សារប្រទេសឥណ្ឌូណេស៊ី​ឆាប់ៗ ហើយ​វា​នឹង​ក្លាយ​ជា​រថយន្ត​ដែល​បម្រើ​ការ​ដឹក​ជញ្ជូន​ក្នុង​ជំនួប​ G20 នៅ​កោះ​បាលី នា​ខែវិច្ឆិកា​នេះ​ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម