កូនឡាន SUV ថ្មីរបស់ Hyundai ចេញជាផ្លូវការ

ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai បានបង្ហាញចេញជាផ្លូវការនូវរថយន្ត SUV ខ្នាតតូចថ្មីរបស់ខ្លួន ដែលជាម៉ូដែល Bayon នឹងជាគូប្រជែងរបស់រថយន្ត Ford Puma, Volkswagen T-Cross និងរថយន្ត Nissan Juke ផងដែរ។

រថយន្ត Hyundai Bayon នេះមិនទាន់មានតម្លៃលក់នៅឡើយទេ ប៉ុន្តែរំពឹងថានឹងមានតម្លៃចាប់ពីប្រមាណ ២៣ ៥០០ដុល្លារ នៅលើទីផ្សារអឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Bayon នេះមានប្រវែង ៤១៨០ម.ម ទទឹង ១៧៧៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៥៨០ម.ម។ ត្បិតថាមានរូបរាងតូចប៉ុន្តែផ្នែកខាងក្នុងរបស់រថយន្តមានទំហំទូលាយគួរសម ហើយមានកន្លែងផ្ទុកឥវ៉ាន់ទំហំ ៤១១លីត្រផងដែរ សម្រាប់ផ្នែកខាងក្រោយ។

អតិថិជនដែលទិញរថយន្ត Bayon នេះនៅអឺរ៉ុបនឹងមានជម្រើសម៉ាស៊ីនពីរប្រភេទ ដែលមានចំណុះ ១,០.លីត្រ ៣ស៊ីលាំង ប្រភេទ Turbocharged ដូចគ្នា ដោយមួយអាចផលិតកម្លាំងបាន ៩៨សេះ និងមួយទៀតអាចផលិតកម្លាំងបាន ១១៨សេះ។ ប្រព័ន្ធម៉ាស៊ីននេះមានភ្ជាប់នឹងប្រព័ន្ធ Hybrid ពាក់កណ្ដាល ហើយវាមានមកជាស្តង់ដារនូវប្រអប់លេខដៃ៦វគ្គ។ អតិថិជនក៏អាចជ្រើសយកប្រអប់លេខ DCT ៧វគ្គបានផងដែរ។

គួរដឹងថាប្រភេទកម្លាំង ៩៨សេះ អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេល ១០,៧វិនាទី ខណៈប្រភេទកម្លាំង ១១៨សេះ ប្រើពេល ១០,៣វិនាទី៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម