ក្រុមហ៊ុន Tesla បានប្រកាសថា ពួកគេបានលក់រថយន្តអគ្គិសនី (EV) ចំនួនប្រមាណ ៨៣ ០០០ គ្រឿង នៅក្នុងប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០២៤ កើនឡើង ១៨,៩ភាគរយ បើប្រៀបធៀបនឹងខែវិច្ឆិកា ក្លាយជាខែដែលលក់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
ចំពោះការលក់រថយន្តសរុបនៅក្នុងឆ្នាំ២០២៤ ក្នុងប្រទេសចិនមានចំនួនសរុប ៦៥៧ ០០០ គ្រឿង កើនឡើង ៨,៨ភាគរយ បំបែកកំណត់ត្រាចាស់បើប្រៀបធៀបនឹងចំនួនលក់ ៦០៤ ០០០ គ្រឿង នៅក្នុងឆ្នាំ២០២៣។
ជាមួយគ្នានេះ ការនាំចេញរថយន្ត EV របស់ Tesla ពីប្រទេសចិនក្នុងឆ្នាំ២០២៤ មានចំនួន ២៥៩ ៤៨៥ គ្រឿង ធ្លាក់ចុះ ២៤,៦ភាគរយ បើប្រៀបធៀបនឹងចំនួន ៣៤៤ ០៧៨ គ្រឿង ក្នុងឆ្នាំ២០២៣។
គួរឲដឹងថា នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានចែកចាយរថយន្ត EV ចំនួន ១ ៧៨៩ ២២៦ គ្រឿង នៅទូទាំងពិភពលោក ធ្លាក់ចុះ ១,១ភាគរយ ពីឆ្នាំ២០២៣ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ៕